របបយោធាមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាចបាននិយាយ កាលពីថ្ងៃអាទិត្យ ទី២៤ ខែសីហា ថា ស្ពានសម័យអាណានិគមដែលធ្លាប់ជាផ្លូវរថភ្លើងខ្ពស់បំផុតរបស់ពិភពលោកទទួលរងការ «ទម្លាក់គ្រាប់បែក និងបំផ្លាញ» ដោយក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

សង្រ្គាមស៊ីវិលបានលេបត្របាក់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានទម្លាក់រដ្ឋាភិបាលស៊ីវិល ដោយយោធាបានបន្ដប្រយុទ្ធជាមួយក្រុមទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអង្គការប្រដាប់អាវុធជនជាតិភាគតិចជាច្រើន។


អ្នកនាំពាក្យរបស់របបសឹក លោក Zaw Min Tun បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា កងទ័ពរំដោះជាតិ តាអាង (TNLA) និងកងកម្លាំងការពារប្រជាជន បាន «ទម្លាក់គ្រាប់បែក និងបំផ្លាញ» ស្ពាន Gokteik ។

សេចក្តីថ្លែងការណ៍មួយទៀតរបស់រដ្ឋាភិបាលយោធា បាននិយាយថា ស្ពាននេះត្រូវ «បំផ្ទុះដោយគ្រាប់មីន»។ យ៉ាងណាម៉ិញ អ្នកនាំពាក្យកងកម្លាំងតាអាង TNLA បានច្រានចោលការចោទប្រកាន់នេះ ហើយនិយាយថា របបយោធាទេដែលជាអ្នកទម្លាក់គ្រាប់បែកលើស្ពាននោះ។

ស្ពាននេះមានកម្ពស់ ១០២ម៉ែត្រ ពីលើជ្រលងភ្នំដ៏ជ្រៅ ស្ពាន Gokteik Viaduct នេះគឺជាស្ពានខ្ពស់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងធ្លាប់ជាផ្លូវរថភ្លើងខ្ពស់បំផុតលើពិភពលោក នៅពេលបើកដំណើរការដំបូងនៅឆ្នាំ១៩០១ ក្នុងសម័យអាណានិគមអង់គ្លេស។
យោងតាមវីដេអូ និងរូបភាពលើបណ្ដាញសង្គម បានបង្ហាញថា ស្ពានមួយផ្នែកបានបាក់ និងខូចខាត។ ស្ពាននេះតភ្ជាប់ទីក្រុង Mandalay ទៅភាគខាងជើងរដ្ឋ Shan ដោយផ្លូវដែក និងទាក់ទាញភ្ញៀវទេសចរមួយចំនួន៕

