ក្រុមបាល់ទាត់នារី East Bengal របស់ឥណ្ឌា ទទួល​បាន ៣ពិន្ទុ ក្រោយ​យក​ឈ្នះក្រុម​នារីភ្នំពេញក្រោន កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Women’s Champions League 2025/26 -Preliminary Stage ក្នុងពហុកីឡដ្ឋានជាតិ​អូលាំពិក នារាត្រីនេះ។

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ស្ថិត​នៅ​ពូល E ជាមួយ​ក្រុមនារី Kitchee របស់​ហុង​កុង ​និងក្រុមនារី East Bengal របស់​ឥណ្ឌា។ កម្មវិធីប្រកួត​បន្ទាប់ ក្នុងពូល E រួម​មាន៖

  • ថ្ងៃទី២៥ សីហា៖ ក្រុម​នារី ភ្នំពេញក្រោន (កម្ពុជា) ០-១ ក្រុមនារី East Bengal (​ឥណ្ឌា)
  • នៅ​ថ្ងៃទី២៨ សីហា៖ ក្រុមនារី Kitchee (ហុង​កុង)​ ជួប ក្រុម​នារី ភ្នំពេញក្រោន (កម្ពុជា)
  • នៅ​ថ្ងៃទី២៨ សីហា៖ ក្រុមនារី East Bengal (​ឥណ្ឌា) ជួប ​ក្រុមនារី Kitchee (ហុងកុង)

សម្រាប់រូបនម្តកៃការប្រកួត ក្រុម​ដែល​មាន​ពិន្ទុខ្ពស់​ជាងគេ​មួយ​ក្រុម​ នឹង​ឡើង​ទៅកាន់​វគ្គចែក​ពូល ដែលនឹងទទួលបានកញ្ចក់ទឹកប្រាក់ ១០ម៉ឺនដុល្លារ ក្នុង​ការ​ឈាន​ដល់​វគ្គ Group stageនេះ ទទួល​បាន ៨ម៉ឺន​ដុល្លាបន្ថែម​ទៀតប្រសិន​បើ​ឡើង​ដល់​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់​ព្រ័ត្របាន ១២ម៉ឺន​ដុល្លារ។ ខណ:ម្ចាស់​ជើងឯក​បាន​ប្រាក់​រង្វាន់ ១លាន​ដុល្លារ ជើង​ឯក​រង​​បាន ៥០ម៉ឺន​ដុល្លារ។

ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Women’s Champions League បង្កើត​ឡើង​ដំបូង​នៅ​រដូវ​កាល​ឆ្នាំ២០២៤-២៥ មាន​ក្រុម​មក​ពី​ ២១ប្រទេស​ចូល​រួម​ប្រកួត​ប្រជែង។ ការ​ប្រកួត​មាន ៣ដំណាក់កាលគឺ វគ្គជម្រុះ Preliminary stage វគ្គ Group stage និងវគ្គ Knockout stage។

រំលឹក​ដែរថា នៅ​រដូវ​កាល​ដំបូង​ឆ្នាំ២០២៤-២៥ ក្រុម​បាល់ទាត់​នារី Wuhan Jiangda របស់​ប្រទេស​ចិន បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​ ដោយ​យក​ឈ្នះក្រុម Melbourne City របស់​អូស្ត្រាលី កាល​ពី​ថ្ងៃទី២៤ ខែឧសសភា ក្នុង​មជ្ឈមណ្ឌល Wuhan Sports Center ប្រទេស​ចិន។

គួរបញ្ជាក់ថា ក្រុម​នារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25 ក្រោយ​យក​ឈ្នះ ក្រុមនារីវិសាខា នៅវគ្គផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ២-០ នាល្ងាច​ថ្ងៃទី៨ កុម្ភ: នៅក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕

Share.