បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រហែល១ពាន់នាក់នាំគ្នាទប់ស្កាត់ និងរើបន្លាលួសដែលកងទ័ពសៀមរាយព័ទ្ធឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាបន្ថែមទៀតនៅច្រកជោគជ័យ នៅរសៀលថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ប្រជាពលរដ្ឋបានប្រាប់ថា៖ នៅពេលដែលឃើញកងទ័ពសៀមបន្តយកបន្លាលួសរាយឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា ពួកគាត់បាននាំឡាយវីដេអូ និងប្រកូរប្រកាសហៅគ្នីគ្នាដើម្បីយកដំបងទៅរុញបន្លាលួស និងយករើបន្លាលួសចេញហាមឃាត់មិនឲ្យទាហានសៀម ធ្វើសកម្មភាពរាយបន្លាលួសបន្តឈ្លានពានទឹកដីកម្ពុជាបានឡើយ។


ប្រជាពលរដ្ឋបញ្ជាក់ថា៖ ឃើញមានទ័ពសៀមប្រហែល៣០ទៅ៤០នាក់ យកបន្លាលួសមកធ្វើសកម្មភាពរាយបន្លាលួសហ៊ុមព័ន្ធបន្តឈ្លានពាននៅកន្លែងថ្មី បានប្រវែងប្រហែល១០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋនាំផ្អើលឆោឡោ នាំគ្នាយកដំបងទៅរុញ និងរើបន្លាលួស ស្រែកតវ៉ា ទើបកងទ័ពសៀមព្រមដកថយ។


ពួកគាត់បញ្ជាក់ថា៖ ការរុះរើបន្លាលួសនេះ គឺមិនចង់ឲ្យសៀមបន្តឈ្លានពានលើទឹកដីកម្ពុជា ហើយបន្លាលួសដែលសៀមដាក់កន្លងមកគឺមិនទាន់ប៉ះពាល់នោះទេដោយស្តាប់តាមការណែនាំរបស់អាជ្ញាធរ តែក៏មិនឲ្យសៀមដាក់ថ្មីបន្តឈ្លានពានទៀតបានទេ៕

អត្ថបទ÷បន្ទាយមានជ័យ

Share.