នៅល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ភាពយន្ត «ភាពយន្តភូមិគ្រឹះអាគម» បានដាក់សម្ពោធជាផ្លូវការថ្ងៃដំបូងដើម្បីឱ្យក្រុមការងារផលិត ទស្សនិកជន និងភ្ញៀវកត្តិយសទាំងអស់បានទស្សនាដោយក្ដីរីករាយ បន្ទាប់ពីទន្ទឹមចាំអស់រយៈពេល ១ឆ្នាំ។ ភាពយន្តនេះដែរ បានក្លាយជាភាពយន្តដំបូងដែលបានធ្វើពហិការមិនបញ្ចាំងក្នុងរោងភាពយន្តមានប្រភពពីសៀម ដោយផ្ដើមចេញពីការឈឺចាប់របស់កូនខ្មែរដែលរងនូវការឈ្លានពានរបស់សៀម។

លោក ប៉ីប៉ីឌី ជាម្ចាស់ផលិតកម្មបានលើកឡើងថា ដោយផ្ដើមចេញពីឆន្ទៈនិងការស្រឡាញ់វិស័យភាពយន្ត លោកនិងក្រុមការងារបានចំណាយពេលអស់ជាច្រើនឆ្នាំក្នុងការផលិតមាតិកានិពន្ធនិងដឹកនាំសម្ដែងឃ្លីបវីដេអូខ្លីៗដែលបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដើម្បីឱ្យមហាជនបានទស្សនាដោយក្ដីរីករាយនិងទទួលបានការគាំទ្រយ៉ាងខ្លាំង។ ចំណុចទាំងអស់នោះបានធ្វើឱ្យលោកសម្រេចចិត្តបន្តក្ដីស្រម៉ៃបង្កើតផលិតកម្ម Film Coner នៅក្នុងឆ្នាំ ២០២៤ អស់ពីកម្លាំងកាយកម្លាំងចិត្តប្រឹងប្រែងតស៊ូ និងបោះជំហ៊ានបន្តិចម្ដងៗនៅលើវិថីសិល្បៈភាពយន្ត។ គោលបំណងនៃការបង្កើតផលិតកម្មភាពយន្តនេះឡើងគឺដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍវិស័យភាពយន្តក៏ដូចជាឧស្សាហកម្មភាពយន្តនៅកម្ពុជាឱ្យមានគុណភាពល្អ និងស្របតាមគោលនយោបាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មួយវិញទៀតជំរុញដល់ប្រជាជនកម្ពុជាឱ្យងាកមកគាំទ្រដល់វិស័យភាពយន្តខ្មែរខ្នាតធំឱ្យកាន់តែខ្លាំងឡើង និងអាចឈានទៅប្រកួតប្រជែងទីផ្សារភាពយន្តជាមួយប្រទេសជិតខាងថែមទៀតផង។

ចាងហ្វាងផលិតកម្មរូបនេះបន្តថា ភាពយន្ត «ភូមិគ្រិះអាគម» គឺជាភាពយន្តដំបូងបើកមុខឱ្យផលិតកម្ម Film Coner ហើយក៏ជាភាយន្តចុងក្រោយនៃការដឹកនាំសម្ដែងរបស់អ្នកដឹកនាំរឿង កៅ សីហា ក្រោមស្នាដៃនិពន្ធរបស់សាស្ត្រាចារ្យអក្សសាស្ត្រខ្មែរ យូ សុភា និងសម្រួលខ្លឹមសារដោយអ្នកនិពន្ធល្បីឈ្មោះ ពៅ មករា និងលោក ទ្រី សក្កដា ។ ភាពយន្តនេះបានចាយពេលអស់ ១ឆ្នាំក្នុងការផលិតឡើងដែលលាយលំជាមួយឧបសគ្គជាច្រើនទើបអាចសម្រេចបានសមិទ្ធផលភាពយន្តខ្នាតដែលនឹងចាក់បញ្ចាំងឱ្យទស្សនិកជនទស្សនានៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ គ្រប់រោងភាពយន្ត លើកលែងតែរោងភាពយន្តដែលមានប្រភពមកពីប្រទេសសៀមប៉ុណ្ណោះ។ លោកអះអាងថានឹងធ្វើពហិការមិនបញ្ចាំងជាមួយរោងភាពយន្តរបស់ប្រទេសសៀមឡើយ និងទទូចឱ្យមហាជនទាំងអស់ធ្វើពិហិកាឈប់គាំទ្រផលិតផល ឬភាពយន្តដែលមានប្រភពមកពីប្រទេសសៀមដូចគ្នា។

ឯកឧត្តម លឹម យូសួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា អស់រយៈពេល ៣០ឆ្នាំនៃការរស់នៅក្រោមម្លប់សន្តិភាព សិល្បៈ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរបានលើកបង្ហាញតាមរយៈខ្សែភាពយន្តដើម្បីឱ្យមហាជនបានទស្សនានិងយល់ជ្រាបអំពីការរស់នៅរបស់ជនជាតិខ្មែរពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ លោកបានកោតសរសើរចំពោះឆន្ទៈរបស់យុវជនខ្មែរទាំងជំនាន់មុន និងបន្តវេនមកដល់ជំនាន់ក្រោយនេះដែលបានខិតខំបំផុសស្មារតីយុវជនជំនាន់ក្រោយក្នុងការចាប់អារម្មណ៍និងបង្កើតគំនិតស្នាដៃថ្មីៗជាច្រើនលើកស្ទួយក្នុងវិស័យភាពយន្ត និងគោរពតាមបទដ្ឋានគតិយុទ្ធទាំងទម្រង់សិល្បៈ និងគោរពតាមគោលនយោបាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបន្តថា ផ្ដើមចេញពីការឈឺចាប់របស់យើងទាំងអស់គ្នា សង្ឃឹមថាប្រជាពលរដ្ឋខ្មែរនឹងគាំទ្រស្នាដៃរបស់កូនខ្មែរផលិតផលខ្មែរ និងគាំទ្រសិល្បៈ ជាពិសេសគឺភាពយន្តរបស់ខ្មែរដែលបានខិតខំប្រឹងប្រែងបង្កើតគឺភាពយន្ត «ភូមិគ្រិះអាគម» នេះតែម្ដង។

សូមជម្រាបជាថ្មីម្ដងទៀតភាពយន្ត «ភាពយន្តភូមិគ្រឹះអាគម» នឹងចាក់បញ្ចាំងឱ្យទស្សនិកជនទស្សនានៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ គ្រប់រោងភាពយន្តទូទាំងប្រទេស លើកលែងតែរោងភាពយន្តដែលមានប្រភពមកពីប្រទេស​សៀម​ប៉ុណ្ណោះ​។ ហើយចង់ដឹងថា សាច់រឿងរបស់ភាពយន្តថ្មីមួយនេះមានភាពកំប្លែងផ្ទុះសំណើច និងភ័យរន្ធត់ដល់កម្រិតណានោះ សូមទៅទស្សនានៅរោងភាពយន្តទាំងអស់គ្នា៕

Share.