កាមេរ៉ាសុវត្ថិភាពចំនួន ៥គ្រឿងត្រូវបានគេដុតបំផ្លាញនៅក្នុងខេត្តភាគខាងត្បូងរបស់ថៃ ក្នុងនោះមានកាមេរ៉ាចំនួន ៣គ្រឿងនៅខេត្ត Narathiwat និង ២គ្រឿងទៀតនៅខេត្ត Pattani។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥។


ប៉ូលីសសង្ស័យថា ក្រុមបះបោរផ្ដាច់ខ្លួនភាគខាងត្បូងជាអ្នកនៅពីក្រោយការវាយប្រហារការដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋនេះ។ ប៉ុន្ដែប៉ូលីសមិនទាន់កំណត់ថា តើឧបទ្ទវហេតុនេះទាក់ទងនឹងអំពើហិង្សាភាគខាងត្បូង ឬយ៉ាងណានោះទេ។

ការបះបោរបានកើតមានឡើងវិញនៅខេត្តភាគខាងត្បូងប្រទេសថៃ ដែលញាំញីដោយអំពើហិង្សាផ្ដាច់ខ្លួនជាញឹកញាប់អស់រយៈពេលច្រើនឆ្នាំមកហើយ។

ការបំផ្ទុះគ្រាប់បែកចុងក្រោយនេះ បានកើតឡើងនៅឯប៉ុស្ដិ៍សន្ដិសុខក្នុងស្រុក Tak Bai ខេត្ត Narathiwat កាលពីថ្ងៃពុធ កន្លងទៅ ដោយបានជំរុញឱ្យសមាជិកសភាក្នុងរដ្ឋ Kelantan ព្រមានប្រជាជនម៉ាឡេស៊ីអំពីគ្រោះថ្នាក់ ឬ ហានិភ័យផ្សេងៗក្នុងការមកលេងកម្សាន្ដនៅភាគខាងត្បូងប្រទេសថៃ។ មិនតែប៉ុណ្ណោះ ក្រុមនេះ បានបង្កចលាចលជាច្រើនកន្លែងលើទីតាំងផ្សេងៗ ក្នុងប្រទេសថៃថែមទៀតផង៕

