មួយរយៈនេះ ឃើញថាមានការផ្សព្វផ្សាយច្រើនពីប្រព័ន្ធផ្សព្វផ្សាយថៃ សារព័ត៌មានថៃ ដោយបានលើកយកសាច់រឿងពាក់ព័ន្ធនឹងការបង្កើតជំរុំជួយជនភៀសខ្លួនខ្មែរនៅលើទឹកដីថៃ ដើម្បីយកធ្វើជាគុណសម្បត្តិ ហើយទាមទារ សគុណពីកម្ពុជាវិញ។ យ៉ាងណាមិញ អ្វីដែលថៃបានលើកឡើងនេះ ត្រូវបានបញ្ញវន្តខ្មែរ លោកសាស្ត្រាចារ្យ ឥន្ទ សុផល ចេញមកវិភាគវែកញែកយ៉ាងលម្អិត ដើម្បីឆ្លើយតបទៅជនជាតិថៃ ដែលកំពុងបំភ្លៃការពិត និងកុំឱ្យកូនខ្មែរខ្លះចាញ់បញ្ឆោតរបស់ថៃ ហើយយល់ច្រឡំថា ថៃពិតជាមានគុណលើកម្ពុជា ពិតប្រាកដមែន។

យោងតាមសំណេររបស់លោកសាស្ត្រាចារ្យដែលបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក លោកបានរៀបរាប់ថា ៖ អត្ថបទផ្ញើឱ្យជនជាតិថៃ និងកូនខ្មែរត្រូវយល់ដឹង !
១.ជនជាតិថៃ តែងតែលើកយកគុណសម្បត្តិ រឿងបង្កើតជំរុំជនភៀសខ្លួនខ្មែរនៅលើទឹកដីថៃ ! បើមិនទទួលបានប្រយោជន៍ទេ ស្មានតែថៃចិត្តល្អមែន?
២.សេដ្ឋកិច្ចជាតិថៃទទួលបានអត្ថប្រយោជន៍ពីថវិកាដ៏ច្រើន ដែលទីភ្នាក់ងារជំនួយអន្តរជាតិបានចំណាយលើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ចន្លោះឆ្នាំ១៩៧៩-១៩៨២ បានចំណាយប្រាក់ចំនួន៣៥០លានដុល្លារនៅក្នុងប្រទេសថៃ។ UNBRO បានចំណាយ៩០% ចំនួន៣៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗនៅក្នុងប្រទេសថៃ។ (ទសវត្សរ៍១៩៨០ ទឹកប្រាក់លានៗដុល្លារគឺមិនតិចទេ ជួយសេដ្ឋកិច្ចជាច្រើនណាស់)
៣.នៅឆ្នាំ១៩៨២ ហ៊្វុនស៊ិនប៉ិច បានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាប់ឈើរបស់ថៃសម្រាប់ផ្គត់ផ្គង់ឈើចំនួន ២.០០០ លានបាត (១០០ លានដុល្លារ) មានឈើធម្មតាចំនួន ៦៥០.០០០ម៉ែត្រគូប និងឈើប្រណីតចំនួន ៣៥០.០០០ម៉ែត្រគូប។
៤.យើងមិនទាន់និយាយពីកិច្ចព្រមព្រៀងជាមួយខ្មែរក្រហម លើការកាប់ឈើ និងយកត្បូងរាប់សិបលានដុល្លារផ្សេងទៀត។ បើកុំតែអន្តរជាតិសង្កត់កឯង ស្មានតែឯងចង់ឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរឬទេ? គឺអត់ទេ ! កំពុងបូមយកធនធានធម្មជាតិខ្មែរឡើងរង្គើព្រៃ រញ្ជួយធរណី !
នៅពេលដែលថៃមិនទាន់ទទួលបានផលប្រយោជន៍ ថៃបានដឹកប្រជាជនខ្មែរមកទម្លាក់ជ្រោះ និងចាក់ចោលលើចម្ការមីន !។

ការចេញមកនិយាយពីការពិត និងលាតត្រដាងពីទង្វើអមនុស្សធម៌របស់ថៃនេះ នឹងធ្វើឱ្យកូនខ្មែរគ្រប់ៗជំនាន់យល់ច្បាស់ពីកលល្បិចរបស់ថៃ ដែលបបូរមាត់ហៅកម្ពុជាថាបងប្អូន តែសកម្មភាព គឺចាប់ដៃ តែយកជើងជាន់លើកម្ពុជា ដូចករណីដែលវីរជនកម្ពុជាទាំង១៨រូបចាញ់បោកកលល្បិចថៃ ហៅចាប់ដៃ តែបែរជាយកកាំភ្លើងភ្ជង់ចាប់ខ្លួនជាចំណាប់ខ្មាំង ទោះជាបទឈប់បាញ់បានចូលជាធរមានរួចក្ដី ហើយមកដល់ពេលនេះថៃនៅតែមិនព្រមដោះលែងវីរជនខ្មែរទាំង១៨នាក់នោះនៅឡើយ៕

