ក្រុមទាហាន​ថៃ ​​បាន​ប៉ុនប៉ងរាយបន្លាលួស នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​មាន​ការ​ប៉ះទង្គិចគ្នា​ជា​មួយ​ពលរដ្ឋកម្ពុជា ហើយ​ថៃ​បាន​ប្រើ​ប្រាស់​ឧបករណ៍ LRAD (Long Range Acoustic Device) ដើម្បីរុញច្រានឱ្យប្រជាពលរដ្ឋខ្មែរចេញ។

តើ​ការប្រើ​ប្រាស់ម៉ាស៊ីនសំលេង LRAD របស់ថៃទល់ពលរដ្ឋកម្ពុជា ក្រោយ​រាយបន្លា​លួស​មិន​បាន​សម្រេច ជាឧបករណ៍អ្វី? និងបង្កគ្រោះថ្នាក់បែបណាខ្លះ?

LRAD (Long Range Acoustic Device) គឺជាប្រភេទឧបករណ៍ Acoustic Hailing Device (AHD) ដែល​ប្រើ​សម្រាប់​ផ្ញើសារ​ក្នុង​ចម្ងាយ​ឆ្ងាយ។ ប្រព័ន្ធ LRAD ផលិតកម្រិតសំឡេង ខ្ពស់​ជាង​ឧបករណ៍​បំពងសំឡេងធម្មតា។ វាជាឧបករណ៍បំពងសំឡេងពិសេសមួយប្រភេទ ដែល​មាន​សមត្ថភាពបញ្ចេញសំឡេងខ្លាំង និងច្បាស់ល្អ ទៅកាន់ចម្ងាយឆ្ងាយ។

វាខុសពីឧបករណ៍បំពងសំឡេងធម្មតាត្រង់ថា LRAD បញ្ចេញសំឡេងក្នុងទម្រង់ជា ធ្នឹមសំឡេង (beam of sound) ដែលមានលក្ខណៈតម្រង់ទិសដៅជាក់លាក់ មិន​មែនបាច​សាច​គ្រប់​ទិស​ដូច​ឧបករណ៍​បំពងសំឡេងធម្មតានោះទេ។ លក្ខណៈនេះធ្វើឱ្យសំឡេងអាចទៅដល់គោលដៅជាក់លាក់ ទោះបីជាមានសំឡេងរំខានខ្លាំងនៅជុំវិញក៏ដោយ។

LRAD ត្រូវបានគេប្រើប្រាស់ជាចម្បងក្នុងវិស័យជាច្រើន រួមមាន៖ ការគ្រប់គ្រងហ្វូងមនុស្ស (Crowd Control) អាជ្ញាធរអនុវត្តច្បាប់អាចប្រើ LRAD ដើម្បី​ទំនាក់​ទំនង​ជាមួយ​ហ្វូងបាតុករ ឬហ្វូងមនុស្សធំៗ ពីចម្ងាយដោយសុវត្ថិភាព ដើម្បីផ្តល់សារណែនាំ ឬការ​ព្រ​មាន។

លើកពី​នេះគេប្រើ​សម្រាប់សន្តិសុខយោធា និងសមុទ្រ ត្រូវបានប្រើនៅលើនាវាចម្បាំង​ដើម្បី​ទំនាក់ទំនង​ជាមួយ​កប៉ាល់​ដែល​គួរឱ្យសង្ស័យដែលចូលមកជិត ឬដើម្បីបំភ័យចោរ​សមុទ្រ​ដោយ​សារសំឡេង​ខ្លាំងរបស់វា។
លើសពី​នេះ​ក្នុង​ការរុករក និងជួយសង្គ្រោះ អាចប្រើដើម្បី​បញ្ជូនសារទៅ​កាន់ក្រុមមនុស្ស​ដែល​បាត់​បង់ ឬជាប់​គាំង​ក្នុង​ស្ថានភាពគ្រោះថ្នាក់។ ការការពារសត្វព្រៃ អាចប្រើដើម្បីបំភ័យសត្វដែល​ចូលមក​ជិតតំបន់​គ្រោះថ្នាក់ ដូចជាព្រលានយន្តហោះជាដើម។

សំឡេងរបស់ LRAD អាចលឺខ្លាំងដល់ទៅជាង 160 dB (ដេស៊ីបែល) នៅចម្ងាយមួយម៉ែត្រ ដែល​ខ្លាំង​ជាង​សំឡេងយន្តហោះហោះឡើងទៅទៀត។ នៅកម្រិតខ្លាំងនេះ វាអាច​បង្កឱ្យ​មានការ​ឈឺចាប់ត្រចៀក ឬរំខានដល់មនុស្សដែលស្ថិតនៅជិត។ ហេតុនេះហើយបានជាគេចាត់ទុកវាជា “អាវុធសំឡេង” (sonic weapon) ផងដែរ។

នៅ​ពេល​ដែល​គេ​ប្រើ​ LRAD ក្នុង​កម្រិត​សំឡេង​ខ្លាំង​បំផុត វា​អាច​បម្រើ​ជា​ឧបករណ៍​រារាំង​ដោយ​សារ​សំឡេង​ដ៏​ខ្លាំង​របស់​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​មិន​ស្រួល ឈឺ​ចាប់​ត្រចៀក និង​បាត់បង់​ការ​ផ្តោត​អារម្មណ៍។ បំបែក​ហ្វូង​មនុស្ស ក្នុង​ករណី​មាន​ការ​បះបោរ ឬ​កុបកម្ម អាជ្ញាធរ​អាច​ប្រើ​សំឡេង​ខ្លាំង​របស់​ LRAD ដើម្បី​បង្ខំ​ឱ្យ​ហ្វូង​មនុស្ស​បំបែក​ខ្លួន។

ម៉ាស៊ីនបំពងសំឡេង LRAD អាចផ្ដល់​ផលប៉ះ​ពាល់ដល់​មនុស្ស​អាស្រ័យ​លើ​កម្រិត​សំឡេង និងចម្ងាយដែលគេប្រើប្រាស់វា។ ផល​ប៉ះពាល់​ទាំង​នោះ​អាច​មាន​ទាំង​ផ្លូវកាយ និងផ្លូវចិត្ត មាន​ដូច​ខាង​ក្រោម៖

  • ឈឺចាប់ត្រចៀក និងបាត់បង់ការស្តាប់ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍៖ នៅ​កម្រិតសំឡេង​ខ្លាំង​ខ្លាំង (លើសពី 120 dB) ដូចជាពេលគេប្រើ LRAD ជិតៗ វាអាចបង្ក​ឱ្យមានការ​ឈឺចាប់​ត្រចៀក​យ៉ាង​ខ្លាំង និងខូចខាតក្រដាសត្រចៀកបាន។ ប្រសិនបើប៉ះពាល់ញឹកញាប់ ឬយូរពេក វា​អាច​បណ្ដាល​ឱ្យបាត់​បង់ការស្តាប់ជាអចិន្ត្រៃយ៍។
  • ឈឺក្បាល និងវិលមុខ៖ រលកសំឡេងខ្លាំងអាចបង្កឱ្យមានសម្ពាធលើក្បាល ដែលនាំឱ្យឈឺក្បាល និងវិលមុខ។
  • ចង្អោរ និងឈឺចាប់ក្នុងខ្លួន៖ រលកសំឡេងខ្លាំងអាចរំញ័រផ្នែកខាងក្នុងនៃរាងកាយ បង្កឱ្យ​មាន​អារម្មណ៍​ចង្អោរ និងមិនស្រួលក្នុងខ្លួន។
  • ភាពភ័យខ្លាច និងការតក់ស្លុត៖ សំឡេងដ៏ខ្លាំងដែលលឺភ្លាមៗ អាចបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ភ័យស្លន់ស្លោ និងការតក់ស្លុត។
  • ការបាត់បង់សតិអារម្មណ៍៖ ក្នុងស្ថានភាពខ្លះ សំឡេងខ្លាំងអាចធ្វើឱ្យមនុស្សបាត់បង់ការគិត និងការផ្ដោតអារម្មណ៍ ដែលធ្វើឱ្យពួកគេពិបាកក្នុងការឆ្លើយតបទៅនឹងស្ថានភាពជុំវិញ។

ប៉ុន្តែនៅពេលដែលគេប្រើប្រាស់វាដោយចេតនា ដើម្បីបំភ័យ ឬធ្វើឱ្យឈឺចាប់ (ដោយ​សារតែ​សំឡេង​ខ្លាំង​ខ្លាំង) វាអាចក្លាយទៅជា អាវុធសំឡេង (sonic weapon) ដែលអាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះ​ពាល់​រយ:ពេល​វែង ដូច​ដែលបានរៀបរាប់ខាងលើ។

ម៉ាស៊ីនបំពងសំឡេង LRAD មានច្រើនប្រភេទ ខុសគ្នាទៅតាមទំហំ សមត្ថភាព និង​គោលបំណង​នៃការ​ប្រើប្រាស់។ ជាទូទៅ គេអាចបែងចែកវាជាប្រភេទធំៗ ៣ ដូចខាងក្រោម៖

១. ប្រភេទចល័ត (Handheld)៖ ប្រភេទនេះមានទំហំតូច ងាយស្រួលយួរតាមខ្លួន និងអាច​ប្រើបាន​ដោយ​មនុស្សម្នាក់។ ពួកវា​ត្រូវ​បានរចនា​ឡើង​សម្រាប់ស្ថានភាព​ដែលទាម​ទារភាព​រហ័ស​រហួន និង​ការ​ប្រើប្រាស់ក្នុងចម្ងាយជិត។

២. ប្រភេទជាប់នឹងយានយន្ត (Vehicle-Mounted)៖ ប្រភេទនេះមានទំហំ​ធំជាងមុន ហើយត្រូវ​បាន​បំពាក់​លើរថយន្ត នាវា ឬយន្តហោះ។ វាមានថាមពលខ្លាំងជាងប្រភេទចល័ត ហើយ​អាច​បញ្ជូន​សំឡេង​ទៅ​កាន់ចម្ងាយកាន់តែឆ្ងាយ។

៣. ប្រភេទស្ថិរភាព (Fixed Site)៖ ប្រភេទនេះជាឧបករណ៍​ដែលត្រូវបានដំឡើងជា​អចិន្ត្រៃយ៍​នៅកន្លែង​ជាក់លាក់ណាមួយ ដូចជាអគារ ព្រលានយន្តហោះ ឬមូលដ្ឋានយោធាជាដើម។ វាមានថាមពលខ្លាំងបំផុត និងអាចគ្របដណ្តប់តំបន់ធំទូលាយ។

សូមជម្រាបជូនថា ទាហាន​ថៃ​​ដាក់​ស៊ី​រ៉ែ​ន​រលក​សម្លេង (ម៉ាស៊ីនសំលេង LRAD​ (Long Range Acoustic Device)) ទប់ទល់​ជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​អំឡុងពលរដ្ឋខ្មែរ ទប់ទល់ទាហានថៃ ចង់​ដាក់​លួស​​បន្លា​ក្នុង​ទឹកដី​កម្ពុជា នៅក្នុងភូមិសាស្ដ្រ នៃភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០២៥

ប្រភព៖ acentech.com en.wikipedia.org​

Share.