បទ បថ្យាវត្ត

ដៃពកូនតូចដេញចោរអប្រិយ        ចូលប្លន់លួចដីដែលធ្លាប់តាំងនៅ

ព័ទ្ធលួសបន្លោដោយក្តីឃោរឃៅ   ចេញទៅវិញទៅក្រុមចោរកំណាច។

ដីភូមិខ្មែរសោះម្តេចក្រុមបិសាច     មានចិត្តកោងកាចចង់កាត់ស្រស់ៗ

គ្មានគិតកោតក្រែងម្ចាស់ដីអីសោះ  គេស្តាយស្រណោះដីកេរយ៉ាងណា?

ពើងទ្រូងព្រហើនគឃ្លើនហានក្លា   អួតអាងអស្ចារ្យឈ្លានពានដីគេ

កុំចង់ដូចមុនទៅមិនរួចទេ            ចោរអើយខ្មាសគេឈប់ដេកស្រមៃ។

ដែនដីដូនតានរណាឱបដៃ           មើលចោរព្រៃផ្សៃប្លន់ច្បាមច្បូតច្បិច

ឈប់ចូលមកទៀតក្រុមចោរមានល្បិច     មិនថាច្រើនតិចយើងរួមការពារ។

យើងសុំតែត្រឹមរស់នៅជុំគ្នា          លើដីដែលជាកេរពីដូនតា

យើងមិនធ្លាប់ចង់ឈ្លានពាននរណា        ខ្មែរប្រាប់លោកាថាសុំត្រឹមសុខ។

ល្មមឈប់បង្កើតរឿងរ៉ាវស្មាញស្មុគ          បំពានអុកឡុកឲ្យខ្មែរភិតភ័យ

សច្ចភាពស្តែងកុំក្លែងបំភ្លៃ            កុំចង់កែគៃយកដៃភូមិខ្មែរ។

យើងរួមកម្លាំងស៊ូតតាំងថែ           ការពារដីខ្មែរក្នុងគ្រានេះម្តង

មិនឲ្យក្រុមចោរសម្រេចបំណង     ខ្មែររួមប្អូនបងការពារសីមា៕

អត្ថបទ៖សំ នឿន

Share.