បន្ទាយមានជ័យ៖ ក្រុមអនុព័ន្ធយោធា៥ប្រទេសបានចុះពិនិត្យស្ថានភាពជាក់ស្តែងដែលទាហានថៃដាក់បន្លាលួសត្រង់មង្គោលសីមាលេខ៤៦និង៤៧នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(lOT)ចំនួន៥ ប្រទេសដែលដឹកនាំដោយអនុព័ទ្ធយោធាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម កម្ពុជាមានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងនាយសេនាធិការយោធភូមិភាគទី៥ និងមេបញ្ជាការមេបញ្ជាការរង។

នៅពេលក្រុមអ្នកសង្កេតការណ៍ចុះពិនិត្យជាក់ស្តែងនៅភូមិសាស្ត្រភូមិជោគជ័យ ឯកឧត្តម អ៊ុ រាត្រី បានប្រាប់ថា៖ កាលពីរសៀលម៉ោង២.៣០ នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចមង្គោលសីមាលេខ៤៦ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានទាហានថៃឯកសណ្ឋានប៉ារ៉ាប្រមាណជិត១០០នាក់ប្រដាប់អាវុធចូលមកដាក់បន្លាលួសប្រវែងជាង១០០ម៉ែត្ររំលោភអធិបតេយ្យភាពកម្ពុជាហើយប្រជាពលរដ្ឋបានរុញច្រានកម្លាំងថៃថយទៅចំណុចដើមហើយប្រជាពលរដ្ឋដកយកបន្លាលួសមកទុក។

ឯកឧត្តមបានបញ្ជាក់ថា៖ ក្រោយទាហានថៃលួចដាក់បន្លាលួសហើយប្រជាពលរដ្ឋមានប្រុស.ស្រីបាននាំក្រាលតង់ដេកយាមក្បែររបងបន្លាលួសការពារខ្លាចទាហានថៃលួចចូលមកដាក់ ហើយរយៈពេលកន្លងមកទាហានថៃបានដាក់បន្លាលួសហ៊ុព័ទ្ធផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងផ្ទះស្មើ១២គ្រួសារមានមនុស្សរាយ៥៩នាក់។

ឯកឧត្តម អ៊ុ រាត្រី បានរួមដំណើរជួយអនុព័ទ្ធយោធាចំនួន៥ប្រទេសបានបន្តចុះទៅពិនិត្យនៅមង្គោលសីមាលេខ៤៧ក្នុងភូមិសាស្គ្រភូមិជោគជ័យ និងបន្តសង្កេតការណ៍ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ៕

អត្ថបទ៖ ប៉ោយប៉ែត

