(ភ្នំពេញ)៖  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចេញសារជូនពរ និងផ្ដាំផ្ញើ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយភ្ជាប់ជាមួយនូវសារអំពាវនាវឲ្យបេក្ខជនទាំងគោរពបទប្បញ្ញត្តិប្រឡងឲ្យបានត្រឹមត្រូវ។

តាមរយៈវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់ក្មួយៗ ដែលជាបេក្ខជនទាំងអស់ គោរពបទប្បញ្ញត្ដិ នៃការប្រឡង ឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណើរឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង នៃបន្ទប់ប្រឡងជាដាច់ខាត»។

បេក្ខជនទាំងអស់ត្រូវថែរក្សាអនាម័យ នៃសុខភាពឲ្យបានល្អ ដោយត្រូវទទួលទានដំណេក បរិភោគអាហារ និងទទួលទឹកស្អាតឲ្យបានគ្រប់គ្រាន់ ជាពិសេសទទួលទានអាហារពេលព្រឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យក្មួយៗមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់៕

អត្ថបទ៖ត្រយង

Share.