កាល​ពី​អត្ថបទ​មុន​សារព័ត៌មាន​ត្រយង​បាន​សរសេររៀបរាប់​អំពីផលប៉ះពាល​របស់​ ម៉ាស៊ីនសំលេង LRAD ដែលទ័ពថៃប្រើទល់ពលរដ្ឋកម្ពុជា ក្រោយរាយបន្លាលួសមិនបានសម្រេច បង្ក​គ្រោះ​ថ្នាក់​បែប​ណាខ្លះ?

ហេតុ​ដូច​នេះ​យើង​ដឹង​ហើយ​ថា ម៉ាស៊ីនសំលេង LRAD គឺជាឧបករណ៍បំពងសម្លេងដ៏មានថាមពល ដែល​គេប្រើ​ដើម្បី​បន្លឺសំឡេងព្រមាន ឬសំឡេងខ្លាំងៗទៅកាន់ទីតាំងជាក់លាក់មួយ។ សំឡេងរបស់ វាអាចបង្កជាផលប៉ះពាល់ដល់សុខភាពត្រចៀកធ្ងន់ធ្ងរ ដូចជាអាចធ្វើឱ្យថ្លង់ជាដើម។ ដូចនេះយើង​នឹង​មកដឹង​ពី​វិធីបង្កា ក៏​ដូច​ជារបៀបការពារខ្លួនពីសំឡេងអាកូស្ទិក ដែល​សៀម​បានប្រើ​ដើម្បី​បំបែក​កម្លាំង​សាមគ្គីប្រជាជនខ្មែរ។

របៀបការពារខ្លួនពី ម៉ាស៊ីនសំលេង LRAD (ដែលជាឧបករណ៍សំឡេងអាកូស្ទិកចម្ងាយឆ្ងាយ) គឺសំខាន់ណាស់ ព្រោះវាអាចប៉ះពាល់ដល់ត្រចៀក និងសុខភាពប្រព័ន្ធប្រសាទ។

ទី១ នៅឱ្យឆ្ងាយពីប្រភពសម្លេង ចល័តចេញពីតំបន់មានសំឡេងខ្លាំង៖ វិធីល្អបំផុត គឺព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍ LRAD ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រសិន​បើអ្នកលឺ​សំឡេងបំពង​ខ្លាំង​ខុសប្រក្រតី គួរតែចៀសចេញពីកន្លែងនោះភ្លាមៗ។ LRAD អាចដំណើរការបានពីចម្ងាយ 300–1000m។ ត្រូវផ្លាស់ទីឆ្ងាយចេញពីទិសដែលបញ្ចេញសំឡេង ឬរកជញ្ជាំង/អគារជាការពារ។

ទី២ ការពារ ឬបិទបាំងត្រចៀក (Hearing Protection)៖ ប្រើប្រាស់សម្ភារៈ​ណាមួយដែល​នៅជិត​ដៃដើម្បី​បិទ​បាំង​ត្រចៀករបស់អ្នក ដូចជាដៃ, ស្រោមដៃ, ស្លាបត្រចៀកបិទ ឬក្រមាជាដើម ត្រចៀក​បិទ​ជិត​រឹត​តែល្អ ដែលអាចកាត់បន្ថយកម្រិតសំឡេងបាន។ ប្រសិនបើគ្មានឧបករណ៍អាជីព អាច​ប្រើ​ក្រណាត់​ក្រាស់ៗ ឬអាវដាក់បិតត្រចៀកបណ្ដោះអាសន្ន។

ទី៣ ប្រើប្រាស់សម្ភារៈការពារ ប្រើរបាំង ឬវត្ថុបិទបាំង៖ ប្រសិន​បើអ្នក​មាន​សម្ភារៈ​ការពារ​ត្រចៀក​ដូចជា​កាស ឬអឺរផ្ល័ក (earplugs) អាចជួយកាត់បន្ថយឥទ្ធិពលនៃសំឡេងបានយ៉ាងល្អ។ ជញ្ជាំង ប្លាស្ទិក​ក្រាស់ ឬរថយន្តអាចកាត់បន្ថយកម្លាំងរលកសំឡេង។ ការប្រើ សំឡេងផ្ទុយ ឬឧបករ​ណ៍កាត់​សំឡេង ក៏អាចជួយបាន។

ទី៤ បែរខ្នងចេញពីប្រភពសម្លេង៖ ប្រសិនបើអ្នកមិនអាចគេចចេញពីតំបន់នោះបានទេ សូមព្យាយាម​បែរ​ខ្នង​ឱ្យឆ្ងាយពីទិសដៅដែលសំឡេងនោះបន្លឺមក។ វានឹងជួយកាត់​បន្ថយ​ការប៉ះ​ពាល់ដោយ​ផ្ទាល់​មកលើត្រចៀករបស់អ្នក។

ទី៥ អង្គុយចុះ៖ ការអង្គុយ ឬដេកចុះ អាចជួយកាត់បន្ថយការប៉ះពាល់សំឡេងបានមួយផ្នែក ព្រោះ​សំឡេង​ពី LRAD ភាគច្រើនតែងតែបាញ់ត្រង់ទៅមុខ។

ទី៦ ការពារផ្លូវចិត្ត និងរាងកាយ៖ រក្សាអារម្មណ៍ឱ្យស្ងប់ ព្រោះសំឡេងខ្លាំងអាចបង្កការភ័យខ្លាច។ បើមានវិលមុខ ឬឈឺក្បាល ត្រូវចាកចេញភ្លាមៗ។

ទី៧ ការពារក្រុមងាយរងគ្រោះ៖ កុមារ មនុស្សចាស់ និងសត្វតូចៗ មានហានិភ័យខ្ពស់ ត្រូវនាំ​ចេញ​ពីតំបន់​ប្រើ LRAD ដោយឆាប់រហ័ស។

ម៉ាស៊ីនបំពងសំឡេង LRAD អាចផ្ដល់​ផលប៉ះ​ពាល់ដល់​មនុស្ស​អាស្រ័យ​លើ​កម្រិត​សំឡេង និង​ចម្ងាយ​ដែលគេប្រើប្រាស់វា។ ផល​ប៉ះពាល់​ទាំង​នោះ​អាច​មាន​ទាំង​ផ្លូវកាយ និងផ្លូវចិត្ត មាន​ដូចតទៅ៖

ទី១ ឈឺចាប់ត្រចៀក និងបាត់បង់ការស្តាប់ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍៖ នៅ​កម្រិតសំឡេង​ខ្លាំង​ខ្លាំង (លើសពី 120 dB) ដូចជាពេលគេប្រើ LRAD ជិតៗ វាអាចបង្ក​ឱ្យមានការ​ឈឺចាប់​ត្រចៀក​យ៉ាង​ខ្លាំង និងខូចខាតក្រដាសត្រចៀកបាន។ ប្រសិនបើប៉ះពាល់ញឹកញាប់ ឬយូរពេក វា​អាច​បណ្ដាល​ឱ្យបាត់​បង់ការស្តាប់ជាអចិន្ត្រៃយ៍។

ទី២ ឈឺក្បាល និងវិលមុខ៖ រលកសំឡេងខ្លាំងអាចបង្កឱ្យមានសម្ពាធលើក្បាល ដែលនាំឱ្យឈឺក្បាល និងវិលមុខ។

ទី៣ ក្អួតចង្អោរ និងឈឺចាប់ក្នុងខ្លួន៖ រលកសំឡេងខ្លាំងអាចរំញ័រផ្នែកខាងក្នុងនៃរាងកាយ បង្កឱ្យ​មាន​អារម្មណ៍​ចង្អោរ និងមិនស្រួលក្នុងខ្លួន។

ទី៤ ភាពភ័យខ្លាច និងការតក់ស្លុត៖ សំឡេងដ៏ខ្លាំងដែលលឺភ្លាមៗ អាចបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ភ័យស្លន់ស្លោ និងការតក់ស្លុត។

ទី៥ ការបាត់បង់សតិអារម្មណ៍៖ ក្នុងស្ថានភាពខ្លះ សំឡេងខ្លាំងអាចធ្វើឱ្យមនុស្សបាត់បង់ការគិត និងការផ្ដោតអារម្មណ៍ ដែលធ្វើឱ្យពួកគេពិបាកក្នុងការឆ្លើយតបទៅនឹងស្ថានភាពជុំវិញ។

សូមជម្រាបជូនថា ទាហាន​ថៃ​​ដាក់​ស៊ី​រ៉ែ​ន​រលក​សម្លេង (ម៉ាស៊ីនសំលេង LRAD​ (Long Range Acoustic Device)) ទប់ទល់​ជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​អំឡុងពលរដ្ឋខ្មែរ ទប់ទល់ទាហានថៃ ចង់​ដាក់​លួស​​បន្លា​ក្នុង​ទឹកដី​កម្ពុជា នៅក្នុងភូមិសាស្ដ្រ នៃភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០២៥៕

    Share.