លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមាន​ប្រសាសន៍ថា សកម្មភាពរបស់ទាហានថៃ ដែលរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា និងប្រើប្រាស់​ឧបករណ៍ ស៊ីរ៉ែនរលកសម្លេង ដើម្បីទប់ទល់ជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតវ៉ាដើម្បី​ការពារ​ដីធ្លីផ្ទះ​របស់ខ្លួន គឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៥កន្លងទៅនេះ ក្រុមទាហាន​ថៃ ​​បាន​ប៉ុនប៉ងរាយបន្លាលួស នៅ​ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​មាន​ការ​ប៉ះទង្គិចគ្នា​ជា​មួយ​ពលរដ្ឋ​កម្ពុជា ហើយ​ថៃ​បាន​ប្រើ​ប្រាស់​ឧបករណ៍ LRAD (Long Range Acoustic Device) ដើម្បីរុញ​ច្រានឱ្យប្រជាពលរដ្ឋខ្មែរចេញ។

សូមចុចអាន៖ ម៉ាស៊ីនសំលេង LRAD ដែលថៃ ប្រើទល់ពលរដ្ឋកម្ពុជា ក្រោយរាយបន្លាលួសមិនបានសម្រេច បង្កគ្រោះថ្នាក់បែបណាខ្លះ?
យោងតាមវិបសាយ acentech.com en.wikipedia.org​ បានសរសេរថា LRAD (Long Range Acoustic Device) គឺជាប្រភេទឧបករណ៍ Acoustic Hailing Device (AHD) ដែល​ប្រើ​សម្រាប់​ផ្ញើសារ​ក្នុង​ចម្ងាយ​ឆ្ងាយ។ ប្រព័ន្ធ LRAD ផលិតកម្រិតសំឡេង ខ្ពស់​ជាង​ឧបករណ៍​បំពងសំឡេងធម្មតា។ វាជាឧបករណ៍ បំពងសំឡេង ពិសេសមួយប្រភេទ ដែល​មាន​សមត្ថភាពបញ្ចេញសំឡេងខ្លាំង និងច្បាស់ល្អ ទៅកាន់ចម្ងាយឆ្ងាយ។ LRAD ត្រូវបាន​គេ​ប្រើប្រាស់ជាចម្បងក្នុងវិស័យជាច្រើន រួមមាន៖ ការគ្រប់គ្រងហ្វូងមនុស្ស (Crowd Control) អាជ្ញាធរអនុវត្ត​ច្បាប់​អាចប្រើ LRAD ដើម្បី​ទំនាក់​ទំនង​ជាមួយ​ហ្វូងបាតុករ ឬហ្វូងមនុស្សធំៗ ពីចម្ងាយដោយសុវត្ថិភាព ដើម្បីផ្តល់​សារណែនាំ ឬការ​ព្រ​មាន។

ប្រភពដដែលបានសរសេរទៀតថា ម៉ាស៊ីនបំពងសំឡេង LRAD អាចផ្ដល់​ផលប៉ះ​ពាល់ដល់​មនុស្ស​អាស្រ័យ​លើ​កម្រិត​សំឡេង និងចម្ងាយដែលគេប្រើប្រាស់វា។ ផល​ប៉ះពាល់​ទាំង​នោះ​អាច​មាន​ទាំង​ផ្លូវកាយ និងផ្លូវចិត្ត មាន​ដូច​ ឈឺចាប់ត្រចៀក និងបាត់បង់ការស្តាប់ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍, ឈឺក្បាល និងវិលមុខការខូច​ប្រព័ន្ធ​សរសៃប្រសាទ បង្កការភ័យខ្លាច ស្រួចស្រាវ និង​ ការបាត់បង់សតិអារម្មណ៍​ជាដើម

សូមចុចអាន៖ មកដឹងរបៀបការពារខ្លួនពីម៉ាស៊ីនសំលេង LRADដែលទ័ពថៃប្រើ ដើមម្បីបំបែកកម្លាំងសាមគ្គី​ប្រជាជនខ្មែរ

ការប្រើប្រាស់ឧបករណ៍ LRAD ដែលជាឧបករណ៍ស៊ីរ៉ែនរលកសម្លេង​ដើម្បីបំបែកហ្វូងអ្នកតវ៉ា​របស់​កម្ពុជា​នេះ គឺជាផ្នែក​មួយ​នៃអាវុធ​ដែល​ថៃបានប្រើប្រាស់​នៅក្នុង​ការប៉ះទង្គិចគ្នា​រយៈពេល​៤យប់​៥ថ្ងៃ ដែល​ក្នុង​នោះរួមមាន យន្តហោះចម្បាំង F-16, គ្រាប់បែកចង្កោម និងផ្សែងពុល ដើម្បីឈ្លាន​ពានលើទឹកដីកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់​ទុកថា​​ ទង្វើ​របស់ថៃទាំង​អស់​នេះ ស្ថិត​នៅបទល្មើសសង្គ្រាម និងការរំលោភបំពានច្បាប់អន្តរជាតិ ដែលថៃបានបំពាន

  • បទឈប់បាញ់រវាងកម្ពុជា–ថៃ
  • សន្ធិសញ្ញាបារាំង–សៀម ឆ្នាំ ១៩០៧
  • អនុស្សរណៈយោជគ ឆ្នាំ ២០០០
  • សាលក្រមតុលាការអន្តរជាតិ (ICJ) ឆ្នាំ ១៩៦២ និងសាលក្រមបកស្រាយឡើងវិញ ឆ្នាំ ២០១៣ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ទង្វើរបស់ថៃក្នុងជម្លោះ ៥ថ្ងៃចុងក្រោយ គឺជាការរំលោភ​ច្បាប់អន្តរជាតិ​ និងអាចនាំឲ្យថៃទទួលខុសត្រូវចំពោះ ឧក្រិដ្ឋសង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ព្រោះថៃបានប្រើអាវុធធ្ងន់វាយប្រហារលើសាលារៀន វត្តអារាម ផ្លូវថ្នល់ និងសម្បត្តិបេតិកភណ្ឌជាតិរបស់កម្ពុជា បណ្តាលឲ្យមានការស្លាប់មនុស្ស និងការខូចខាត​យ៉ាងធ្ងន់ធ្ងរ៕

សូមស្ដាប់កិច្ចសម្ភាសន៍ទាំងស្រុង រវាងលោក ប៊ិន ប៊ុណ្ណា អ្នករាយការណ៍ព័ត៌មាន​ត្រយង និង​លោក​បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

Share.