ហាណូយ៖ អាជ្ញាធរវៀតណាម បាននិយាយកាលពីថ្ងៃពុធ នេះថា ព្យុះទីហ្វុង Kajiki បង្កឱ្យមានទឹកជំនន់ និងរអិលបាក់ដី បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានម្នាក់នៅក្នុងប្រទេសថៃ និង ៧ នាក់នៅវៀតណាម ខណៈរដ្ឋាភិបាលវៀតណាមបានព្រមានអំពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីដែលនឹងកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។


ព្យុះនេះបានបោកបក់មកលើទឹកដីប្រទេសវៀតណាម កាលពីរសៀលថ្ងៃចន្ទ សប្ដាហ៍នេះ មុនពេលថមថយចុះខ្សោយទៅជាព្យុះត្រូិក Depression ចាប់តាំងពីពេលនោះមកបានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ។



នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្ដរាយថៃ បាននិយាយកាលពីថ្ងៃពុធ នេះថា ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅខេត្តចំនួន៨ របស់ថៃ ដែលប៉ះពាល់ដល់ជាង ១៨០គ្រួសារ។
នាថ្ងៃដដែលនោះ រដ្ឋាភិបាលវៀតណាម ក៏បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយដែរថា ព្យុះទីហ្វុង Kajiki បង្កជាទឹកជំនន់ជន់លិចផលដំណាំស្រូវ ជាច្រើនហិកតា និងធ្វើឱ្យខូចខាតបង្គោលអគ្គិសនី រួមទាំងផ្ទះសម្បែងប្រជាជនជាច្រើនខ្នង បង្កផលលំបាកដល់ប្រជាជន ១.៦លាននាក់ ភាគច្រើននៅខេត្ត Ha Tinh និង Nghe An៕

