កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម បានចុះលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ។




ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ចូលរួមកាត់បើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡងនេះ ដើម្បីប្រជែងយកឱ្យបាននូវពិន្ទុល្អ» ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ។ ដូច្នេះសូមបេក្ខជនកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរចម្លើយ សរសេរឲ្យបានច្រើន ជៀសវាងការបើកចម្លង និងលួចចម្លងគ្នា។




អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះជូនពរដល់សិស្សទាំងអស់សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ ។



បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩,៦៤១នាក់ មានមណ្ឌលប្រឡងចំនួន ១៥មណ្ឌល ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ១០មណ្ឌល ស្រុកកំពង់សៀម ២មណ្ឌល និងស្រុកជើងព្រៃ ៣មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង ២៦០បន្ទប់ ៕
អត្ថបទ÷ អាចារ្យលាក់
