ត្បូងឃ្មុំ៖ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងទាំង១០ នៅទូទាំងខេត្តត្បូងឃ្មុំ ត្រូវបានបើកកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ក្នុងនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ចំពោះមណ្ឌលប្រឡងចំនួន៩ទៀតត្រូវបានបើកកាត់ស្រោមវិញ្ញាសារប្រឡងក្រោមអធិបតីភាព ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្តផងដែរ ។ មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការលើកទឹកចិត្តដល់បេក្ខជន ប្រឡងទាំងអស់ សូមមានស្មារតីរឹងមាំឡើង ក្នុងការប្រឡងនេះ កុំភ័យ ពិនិត្យវិញ្ញាសារឱ្យបានច្បាស់លាស់ រួចសរសេរតែម្តង ហើយក្នុងនោះដែរបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។


ក្នុងករណីរកឃើញថា បានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹង ត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ។ មួយវិញទៀតត្រូវហូបចុកប្រយ័ត្នប្រយ៉ែង សម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឱ្យសុខភាពយើងល្អ និងប្រឡងទទួលបានជោគជ័យ។
គួរបញ្ជាក់ដែរថា៖ មណ្ឌលប្រឡងក្នុងខេត្តត្បូងឃ្មុំ នាឆ្នាំនេះគឺមានចំនួន១០មណ្ឌល ខណៈឆ្នាំ២០២៤ មានត្រឹមតែ៩មណ្ឌលប៉ុណ្ណោះ ក្នុងនោះមណ្ឌលប្រឡងចំនួន៩ទៀតត្រូវបានបើកកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្រោមអធិបតីភាពឯកឧត្តម-លោកជំទាវអភិបាលរងខេត្តត្បូងឃ្មុំផងដែរ។


តាមរបាយការណ៍របស់ លោក ផាត សុខសាន្តប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តត្បូងឃ្មុំឆ្នាំនេះ មានមណ្ឌលប្រឡងសរុបចំនួន ១០ ដែលក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣ មណ្ឌល ស្មើនឹង ៧២ បន្ទប់ ថ្នាក់សង្គម មានចំនួន ៧ មណ្ឌលស្មើនឹង១៦៨បន្ទប់ សរុបមណ្ឌលទាំង១០ក្នុងខេត្តត្បូងឃ្មុំមាន ២៤៣ បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៥,៩៦៥ នាក់៕
អត្ថបទ៖ អាចារ្យលាក់

