លោក កាន់ ចមផៈឡាំង និងម្នាក់ទៀត គឺលោក តេ អាជីវៈ ធ្លាប់បានប្រមែប្រមូលធ្វើមូលនិធិព្រំដែនកម្ពុជា-ថៃ ផ្ដល់ជាដ្រូន ជាអាវក្រោះ ជាស្បៀងអាហារ ជាឧបករណ៍ប្រើប្រាស់ និងធ្វើលេណដ្ឋានដល់ទាហានថៃ ដោយបុគ្គលទាំងពីរនាក់នេះផងដែរ គឺជាមេខ្លោង និងជាមេខ្យល់តាមចាប់ និងប្រើហិង្សាលើពលករខ្មែរនៅប្រទេសថៃ រហូតពលករខ្មែរ មិនអាចរស់នៅបានសុខស្រួល រួចត្រូវបង្ខំចិត្តត្រលប់មកកម្ពុជាវិញ។

យ៉ាងណាមិញ ថ្មីៗនេះ ពួកគេទាំងពីរនេះបានប្រកាសថា នឹងនាំយកឡានដឹកលាមកមកចាក់ស្រោចលើពលរដ្ឋកម្ពុជា ទីបំផុតនៅថ្ងៃទី២៨ ខែសីហានេះ អ្នកទាំងពីរ បាននាំយកឡានបូមលូផ្ទុកដោយលាមកចំនួន ១៤គ្រឿង មកដល់ព្រំដែន កម្ពុជា ថៃហើយ។ បុគ្គលមានឥទ្ធិពល និងប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គមថៃ ទាំងពីរនាក់នេះ បានបញ្ជូនឡានដឹកលាមក មកច្រកព្រំដែន ណងចាន់ ឬខ្មែរយើងហៅថា ភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពពីសារព័ត៌មានថៃបានឱ្យដឹងថា ឡានទាំង ១៤គ្រឿងនោះ គឺមានផ្ទុកពេញទៅដោយលាមក ហើយក៏ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបាញ់ស្រោចមកលើពលរដ្ឋកម្ពុជា ដែលជាជនរងគ្រោះ កំពុងទទួលរងនូវការឈ្លានពាន ហើយត្រូវកងទ័ពថៃយកបន្លា លួសព័ទ្ធយកដី យកផ្ទះរបស់ពួកគាត់ផងដែរ។
កងទ័ពថៃ បានប្រើគ្រប់កលល្បិច មានទាំងយកអាយុជីវិតទាហានខ្លួន មកស្លាប់ចោលក្នុងសមរភូមិ មានទាំងបង្ខំឱ្យដើរចូលទឹកដីកម្ពុជា ដែលមានសេសសល់មីនពីសម័យសង្គ្រាមដើម្បីប្រើជាលេសវាយប្រហារ និងចង់បង្កភាពតានតឹងជាមួយកម្ពុជា ហើយមកដល់ចុងក្រោយនេះ កងទ័ពថៃ ហាក់ដូចជាហាមតែមាត់ តែសកម្មភាពកំពុងបើកដៃឱ្យបុគ្គលឱកាសនិយម ដែលជាអ្នកផលិតមាតិកា ២នាក់ យកព្រឹត្តិការណ៍នេះបង្កើនការគាំទ្រនិងប្រជាប្រិយភាពខ្លួន ដោយប្រើប្រាស់មធ្យោបាយអមនុស្សធម៌ មកលើពលរដ្ឋកម្ពុជា បំបិទសិទ្ធិសេរីភាពក្នុងការតស៊ូមតិ ដែលអំពើនេះគឺបង្ហាញឱ្យអន្តរជាតិបានឃើញយ៉ាងច្បាស់ពីចរិតសាហាវឃោរឃៅ ប្រឆាំងនឹងមនុស្សជាតិ ជាពិសេសគឺការញុះញង់បង្កឱ្យមានការស្អប់ខ្ពើមជាតិសាសន៍រវាងកម្ពុជា និងថៃ៕

