ថ្មីៗនេះសារព័ត៌មានថៃ កំពុងព្យាយាមបំប៉ោងព័ត៌មានទាំងជាភាសាថៃ និងបរទេសលើករណីទាហានថៃម្នាក់របួសធ្ងន់ដោយសារជាន់មីននៅក្បែរប្រាសាទតាក្របី នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នេះ។ ជាការឆ្លើយតបវិញ កម្ពុជាបានស្នើឱ្យភាគីថៃបង្ហាញភស្តុតាង និងអនុញ្ញាតឱ្យមានការស៊ើបអង្កេតរាជ្យ។

ឧប្បត្តិហេតុនេះជាករណី ៥ ហើយដែលភាគីថៃបានចោទប្រកាន់មកលើកម្ពុជាដោយគ្មានភស្តុតាងច្បាស់លាស់ថាបានបង្កប់មីនថ្មីធ្វើឱ្យទាហានថៃរបួស ប៉ុន្តែជាការកត់សម្គាល់៖ ១. បើកងទ័ពថៃ បន្តរក្សាភាពស្ងប់ស្ងាត់ និងគោរពបទឈប់បាញ់ដូចកម្ពុជា មិនចេះតែដើរល្បាតឆ្វេចឆ្វាចខុសតម្រាយចាស់ តើអាចជាន់មីនទេ? ២. ហេតុអ្វីការជាន់មីន រមែងកើតឡើងនៅរាល់ពេលមានកិច្ចប្រជុំ ឬកិច្ចព្រមព្រៀងសំខាន់ៗ?

ជាការឆ្លើយតបទៅកាន់ភាគីថៃ អាជ្ញាធរមីនកម្ពុជា បានបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះដោយបានបញ្ជាក់ថា តំបន់ដែលមានឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្តោយព្រំដែនក្បែរប្រាសាទតាក្របី ជាតំបន់មានមីនច្រើនបន្សល់ទុកពីសម័យសង្គ្រាមច្រើនទសវត្សរ៍មកហើយ។ ក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម មីនរាប់លានគ្រាប់ ត្រូវបានដាក់នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា រួមទាំងមីនធ្វើពីប្លាស្ទិកផងដែរ ដែលមីនប្រភេទនេះ មានសារធាតុលោហៈតិចតួចណាស់ ពិបាកក្នុងការរាវរកឃើញដោយប្រើឧបករណ៍រាវមីនស្ដង់ដារ។ ប្រតិបត្តិករបោសសម្អាតមីនកម្ពុជា ដែលមានជំនាញច្បាស់លាស់ ធ្លាប់រកឃើញ និងកម្ទេចមីនប្រភេទនេះជាច្រើន នៅតាមបណ្តោយព្រំដែន អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យសកម្មភាពមីនកម្ពុជា។

ឧប្បត្តិហេតុនេះ គឺពិតជាបង្កឡើងដោយសារគ្រាប់មីនចាស់ មិនមែនជាគ្រាប់មីនថ្មីឡើយ ហើយទាមទារឱ្យយើងផ្តោតសំខាន់លើការបោសសម្អាតមីនមនុស្សធម៌ ជាជាងការចោទប្រកាន់ដោយគ្មានការពិត»។ កម្ពុជាស្វាគមន៍​ ចំពោះយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្តើមបោសសម្អាតមីនមនុស្សធម៌។ អាជ្ញាធរមីន សូមសម្ដែងនូវការសោកស្ដាយ ចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូមជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់ ដែលថា «កម្ពុជាបានដាក់មីនថ្មី» ព្រោះការចោទប្រកាន់នេះ គ្មានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់ទ្បើយ។

សូមជម្រាបថា កម្ពុជាបានស្នើឱ្យភាគីថៃបង្ហាញភស្តុតាង និងអនុញ្ញាតឱ្យមានការស៊ើបអង្កេតរាជ្យ ហើយកម្ពុជា​ប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋ ភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជាមិនបានប្រើប្រាស់ ផលិតឬដាក់មីនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា៕

Share.