កលល្បិចថៃនៅតែមានបន្ទាប់ពីដឹងថាទាហានខ្លួនធ្វើអីមិនកើត ព្រោះកម្លាំងពលរដ្ឋកម្ពុជាស្រុះគ្នា ស្របនឹងឮដំណឹងថា នៅថ្ងៃទី២៦ ខែសីហា ពួកគេនឹងបញ្ចូនពលរដ្ឋឱ្យមកប៉ះជាមួយពលរដ្ឋខ្មែរ នៅក្នុងឧបាយកល​ទុច្ចរិត បំភាន់ភ្នែកអន្តរជាតិ ដោយគ្រាន់តែក្រុមអ្នកសង្កេតការណ៍អន្តរកាល ៥ប្រទេស ចុះដល់ទីតាំងភ្លាម ក្រុមពលរដ្ឋសម្ដែងរបស់ថៃបានចាប់ផ្ដើមធ្វើជាស្រែកយំទាមទារឡាំប៉ាថាបាត់បង់ទឹកដី។

តាមក្រសួងការពារជាតិបានឱ្យដឹងថារសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រុមបាតុករមកពីបក្សគាំទ្រកងទ័ព និងបក្ខពួកគាំទ្ររាជាជ្រុលនិយមបានប្រកាសខ្លួនថាជាប្រជាពលរដ្ឋរស់នៅក្នុងខេត្ត អារញ្ញប្រទេស និងជាពិសេសគឺជាអាជីវករដែលលក់ដូរនៅក្នុងផ្សាររោងគ្លឿ មិនត្រឹមតែនាំលើកគ្នាស្រែកតវ៉ាថា ពួកគេមិនពេញចិត្តចំពោះការបំពានរបស់ប្រជាជនកម្ពុជាដែលព្យាយាមទន្ទ្រានទឹកដីរបស់ថៃ ថែមទាំងចោលប្រកាន់ដោយបំពានលើពលរដ្ឋស្លូតត្រង់ថារមិលគុណថៃធ្លាប់បានជួយពួកគេឱ្យរស់នៅក្នុងជំរុំជនភៀសខ្លួនកន្លងទៅផងដែរ។

ក្រុមបាតុករឱកាសនិយមទាំងនេះ បានទាំងទាមទារឱ្យរដ្ឋាភិបាលថៃសព្វថ្ងៃត្រូវមានដំណោះស្រាយចំពោះបញ្ហានេះជាបន្ទាន់មិនមែនសម្ងំរស់យកសុខតែឯង ហើយបណ្ដោយឱ្យប្រជាជនខ្លួនរស់នៅតាមតំបន់ព្រំដែនរងទុក្ខវេទនាបែបនេះឡើយ។ ប៉ុន្តែការពិតពួកគេអ្នកដែលមកទាំងនេះមានខ្លះមិនមែនជាអ្នករងគ្រោះឬជាម្ចាស់ដី ជាតួអង្គដែលពួកគេបង្កើតដើម្បីឱ្យតែមានសំឡេងពលរដ្ឋ បំណងបិទបាំងមហិច្ឆិតាអាក្រក់ខ្លួនដោយមិនឱ្យអន្តរជាតិបានដឹងថា កងទ័ពថៃខ្លួនឯងកំពុងតែយកលួសមកព័ទ្ធរបងទន្ទ្រានដីកម្ពុជាពេញទី។

ប្រការនេះភ្នែកជនរួមជាតិ និងអ្នកតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពិតជាបានជ្រាបហើយថា ទាំងមេដឹកនាំប្រទេសថៃ និងប្រជាជនរបស់ពួកគេសុទ្ធតែពូកែសម្ដែងមានល្បិចពុតត្បុត។ ហេុតអ្វីបានជាលើកឡើងបែបនេះ? ត្រង់នេះយើងអាចលើកជាឧទាហរណ៍ជាក់ស្ដែងមកបញ្ជាក់ ភ្ជាប់ជាមួយភស្តុតាងដូចខាងក្រោម៖

១. ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានមក ទាហានថៃព្យាយាមបំពាន និងទន្ទ្រានដីនៅតាមតំបន់ព្រំដែនដោយប្រើសំណាញ់ខ្មៅ បន្លាលួស និងសំបកកង់ឡាន ហ៊ុមព័ទ្ធឈ្លានពានយកផ្ទះ និងដីប្រជាពលរដ្ឋកម្ពុជាដែលបានរស់នៅមករាប់រយឆ្នាំមកហើយ។

២.កន្លងមកប្រជាពលរដ្ឋថៃដែលជាអាជីវករពិតលក់ដូរក្នុងផ្សាររោងគ្លឿជាប់ព្រំដែននឹងច្រកអន្តរជាតិប៉ោយប៉ែត ធ្លាប់បាននាំគ្នាជាច្រើននាក់មកបាតុកម្មតវ៉ាចំពោះរដ្ឋបាលច្រក និងខេត្ត អារញ្ញាប្រទេសឱ្យបើកច្រកព្រំដែនលើកឡើង ព្រោះវាបានបង្កភាពលំបាកដល់ជីវភាពរបស់ពួកគេ ដែលកន្លងមកពួកគេធ្លាប់តែប្រាស្រ័យទាក់ទង និងរកស៊ីជួញដូរយ៉ាងល្អជាមួយប្រជាជនកម្ពុជាដោយគ្មានទំនាស់អ្វីសោះឡើយ ពួកគេយល់ច្បាស់ពីសណ្ដានចិត្តល្អរបស់ប្រជាជនកម្ពុជា។ ថែមទាំងស្នើកុំឱ្យទំនាស់រីករាលដាល ដោយបានស្នើឱ្យដោះស្រាយទំនាស់ឱ្យចំកន្លែងព្តោះរឿងដែលលើតឡើងនៅអ៊ូប៊ុន មិនគួរពង្រីកមកដល់ស្រះកែវនោះឡើយ។

៣.ពួកបាតុករដែលចេញមកបាតុកម្មឡាំប៉ានៅព្រឹកថ្ងៃនេះ មិនមែនជាក្រុមអាជីករផ្សាររោងគ្លឿនេះទេ ប៉ុន្តែជាក្រុមប្រឆាំងជ្រុលនិយម បើជាជីវករពិតមែននោះច្បាស់ណាស់ពួកគេនឹងមានមនោសញ្ចេតនាជាមួយប្រជាជនកម្ពុជាហើយដឹងថា ពលរដ្ឋកម្ពុជាបានរស់នៅលើទឹកដីមួយនេះទាំងពីជំនាន់ដូនតាខ្លួនមកម្ល៉េះ។ តែនេះផ្ទុយស្រឡះដែលពួកបាតុករមានចិត្តឃោឃៅចង់លេបត្របាក់ទឹកដីពលរដ្ឋខ្មែរតាមគោលការណ៍គាំទ្រកងទ័ពរបស់ពួកដែលចង់បានទឹកដីខ្មែរ និងចង់បង្កសង្គ្រាមជាមួយខ្មែរ។

អ្នកតាមដានស្ថានការណ៍ព្រំដែននាពេលនេះយល់ថា ពួកបាតុករមកពីបក្សគាំទ្រកងទ័ព និងបក្ខពួកគាំទ្ររាជាជ្រុលនិយមដែលប្រឆាំងចង់ផ្ដួលរំលំរដ្ឋាភិបាលថៃសព្វថ្ងៃ ពិតណាស់ខំប្រឹងធ្វើពុតជាស្រែកតវ៉ាការពារផ្ទះសម្បែងខ្លួនដោយប្រើកាយវិការ ទឹកមុខ ពាក្យសម្តីក្រអើតក្រទមទាំងអស់នោះចោទថាខ្មែរជាបំពាន។ ពួកគេពិតជាពូកែសម្ដែងដូចជាមេទ័ពភូមិភាគទី ២ របស់ពួកគេមិនខុសមែន បានតែស្រែកឡោឡាបង្កតែជម្លោះ ដល់ស្អកបំពង់កក៏ស្រែកទឹក ផឹកទឹករួចហើយស្រែកបន្តទៀត គ្មានបានជួយឱ្យប្រទេសជាតិរីកចម្រើនអ្វីទេ ប៉ុន្តែបានតែនាំភាពវិនាសកម្មឱ្យប្រទេស និងធ្វើឱ្យប្រទេសជិតខាងថៃលែងរាប់ញាតិជាមួយថៃតទៅមុខទៀត។

គួរដឹងថា កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី​៥​របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ បន្ទាប់ពីកងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ហើយក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងផងដែរ៕

Share.