តាមការចេញផ្សាយរបស់សារព័ត៌មាន khaosod នាពេលថ្មីៗនេះបានឱ្យដឹងថា កុមារាកម្ពុជាម្នាក់មានវ័យ ១៣ ឆ្នាំត្រូវបានប៉ូលិសថៃក្នុងតំបន់ស្រុក បួឆើត ខេត្តសុរិន្ទ ចាប់ឃុំខ្លួនភ្លាមៗពីបទអន្តោរប្រវេសន៍ខុសច្បាប់ បន្ទាប់ពីទទួលបណ្ដឹងពីជនអណាមិកថា កុមារារូបនេះគឺជាជនជាតិខ្មែរបានមកចូលសិក្សានៅក្នុងសាលារៀនមួយក្នុងខេត្តសុរិន្ទ រហូតធ្វើឱ្យគ្រូបន្ទុកថ្នាក់រន្ធត់ចិត្ត និងបារម្ភចំពោះសិស្សយ៉ាងខ្លាំង។

អ្នកគ្រូបន្ទុកថ្នាក់ផ្ទាល់របស់កុមារាខាងលើបានបញ្ជាក់ប្រាប់សារព័ត៌មានថា កុមារារូបនេះមានឪពុកម្ដាយជាជនជាតិខ្មែរដែលធ្វើដំណើរមកពីខេត្តកំពង់ធំ បន្តបញ្ជូនកុមារារូបនេះមកសិក្សានៅក្នុងសាលារៀនភាសាថៃ ទាំងដែលកុមារារូបនេះអាចនិយាយភាសាថៃបាន ហើយថែមទាំងមានសមត្ថភាពពូកែខ្លាំងណាស់លើផ្នែកអក្សរសាស្ត្រ គណិតវិទ្យា និងកីឡា រហូតទទួលបានពិន្ទុកម្រិត C គ្រប់មុខវិជ្ជា ដែលរាប់បានថាជាសិស្សគំរូនិងពូកែប្រចាំថ្នាក់ផងដែរ។
អ្វីដែលអ្នកគ្រូបន្ទុកថ្នាក់ហួសចិត្តពេកនោះ បន្ទាប់ពីគោរពទង់ជាតិរួចស្រាប់តែប៉ូលិសថៃគ្មានដីកាសម្រុកមកចាប់ខ្លួនសិស្សយ៉ាងឆោឡោ ហើយឃុំឃាំងកុមារារូបនេះយ៉ាងគួរឱ្យអណោចអធមដោយប្រើសម្ដីគំរាម។ គ្រូបន្ទុកថ្នាក់បានត្រឹមតែឱបសិស្សសម្រក់ទឹកភ្នែកថា ត្បិតសិស្សរបស់ខ្លួនជាជនជាតិខ្មែរក៏ពិតមែន ប៉ុន្តែរូបគេបានរស់នៅប្រទេសថៃយូរឆ្នាំមកហើយដូចជាជនជាតិថៃមួយរូបដែរ ហើយកុំយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមកពាក់ព័ន្ធជាមួយកុមារដែលជាអនិតជនមិនដឹងអីបែបនេះ។
ប៉ូលិសថៃក្នុងតំបន់ស្រុក បួឆើត បានអះអាងថា ខ្លួនបានត្រឹមតែអនុវត្តតាមតួនាទីដែលត្រូវចុះពិនិត្យនិងបង្ក្រាបពលករខ្មែរមកធ្វើការនៅប្រទេសថៃនាពេលនេះ ហើយបានរកឃើញថា តំបន់បន្ទប់ស្នាក់នៅរបស់ឪពុកម្ដាយកុមារារូបនេះមានជនជាតិខ្មែរកំពុងសម្ងំរស់នៅលាក់ខ្លួនចំនួន ១០ នាក់ ដែលត្រូវចាប់បញ្ចូនខ្លួនទៅប៉ុស្ដិ៍នរគបាលស្រុកក្នុងខេត្ត សុរិន្ទ។ ប៉ូលិសតំបន់បញ្ជាក់ថា ជនជាតិខ្មែរទាំង ១០ នោះក៏នឹងត្រូវបញ្ជូនទៅពន្ធគារអន្តោរប្រវេសន៍នៅខេត្ត ស្រះកែវ ហើយរង់ចាំដល់គ្រប់ចំនួនមនុស្សទើបអាចបញ្ចូនទៅកាន់ប្រទេសកម្ពុជាវិញបាន។
យ៉ាងណាមិញ លោក Surapong Kongchantuk សាស្ត្រាចារ្យជំនាញជាន់ខ្ពស់នៃគណៈកម្មាធិការទូទៅទទួលបន្ទុកលើការផ្តល់ការអប់រំដល់ជនគ្មានអត្រានុកូលដ្ឋាន ឬសញ្ជាតិថៃ នៃក្រសួងអប់រំថៃបានយល់ឃើញថា ទង្វើរបស់ប៉ូលិសថៃដែលបានចាប់ឃុំខ្លួនសិស្សាសាលាក្រោមហេតុផលអនុវត្តច្បាប់អន្តោរប្រវេសន៍គឺមិនត្រឹមត្រូវតាមនិតិវិធីទាល់តែសោះ ព្រោះថាសាលារៀនគឺជាតំបន់មានសុវត្ថិភាពដោយគ្មានការអន្តរាគមន៍ណាមួយឡើយ លុះត្រាតែករណីដូចជា ការដេញចាប់ជនសង្ស័យដែលឆ្មក់ចូលសាលារៀន ការចាប់ខ្លួនសិស្សទាមទារឱ្យមានការឆែកឆេរឬមានដីកាចាប់ខ្លួនក្រោមបទឧក្រិដ្ឋកម្មជាដើម ប៉ុន្តែទង្វើរបស់ប៉ូលិសថៃនាពេលនេះដែលចូលមកចាប់ខ្លួនសិស្សសាលារៀនដោយគ្មានជូនដំណឹងនាយកសាលាជាមុនបែបនេះ គឺជាការបំពានច្បាប់ និងតម្រូវឱ្យមានច្បាប់ការពារដល់សិស្សជាបន្ទាន់ផងដែរ។
តាមការបញ្ជាក់របស់ម្ដាយកុមារាខាងលើគឺអ្នកស្រី សៀប ផារ៉ុម បានឱ្យដឹងថា ខ្លួនបានចូលមកធ្វើការនៅក្នុងប្រទេសតាំងពីឆ្នាំ ២០១៨ តាមច្រកចុងស្រងាំដែលជាប់នឹងស្រុកភូស៊ីង ខេត្ត សុរិន្ទ ដោយបាននាំកូនប្រុសម្នាក់មកជាមួយឈ្មោះ តុង ហេង មករស់នៅជាមួយ។ លុះខ្លួនបានប្ដីជាជនថៃដែលរស់នៅក្នុងខេត្ត សុរិន្ទ ទើបខ្លួនបានបញ្ចូនកូនប្រុសឱ្យចូលសិក្សានៅក្នុងសាលារៀនថៃនៅពេលមានអាយុ ៦ ឆ្នាំ៕

