បន្ទាប់ពីផ្ទុះករណីក្មេងប្រុសកម្ពុជាម្នាក់វ័យ១៣ ឆ្នាំត្រូវបានសមត្ថកិច្ចប៉ូលិសថៃចាប់ខ្លួន ក្រោមការចោទប្រកាន់ជាជនអន្តោប្រវេសន៍ស្នាក់នៅប្រទេសថៃដោយខុសច្បាប់ ប៉ុន្តែទង្វើរបស់ប៉ូលិសថៃ ក៏កំពុងតែទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសាធារណជន ជាពិសេសស្ថាប័នរដ្ឋរបស់ថៃខ្លួនឯង។


ភ្លាមៗ ក្រោយករណីនេះផ្ទុះផ្សព្វផ្សាយទាំងនៅលើបណ្ដាញសង្គម និងសារព័ត៌មានថៃ គណៈកម្មាធិការជាតិសិទ្ធិមនុស្ស (គ.ស.ម) ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស និងបញ្ជាក់ឡើងវិញនូវគោលការណ៍ត្រូវផ្ដល់ប្រយោជន៍ខ្ពស់បំផុតដល់កុមារ ដូចករណីក្មេងប្រុសតុងហេង វ័យ១៣ឆ្នាំ ដែលជាសិស្សកម្ពុជា មានលេខកូដសម្គាល់អក្សរ G គឺជាលេខកូដសម្រាប់កុមារដែលគ្មានឯកសារចុះបញ្ជីអត្តសញ្ញាណ ឬគ្មានសញ្ជាតិថៃ អាចចូលរៀនក្នុងប្រព័ន្ធអប់រំរបស់ថៃក៏ដោយ ដូច្នេះទង្វើរបស់ប៉ូលិសថៃ ចូលចាប់ក្មេងដល់សាលា គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។

គណៈកម្មាធិការជាតិសិទ្ធិមនុស្សថៃ សង្កត់ធ្ងន់ថា ប្រទេសថៃគឺជាភាគីហត្ថលេខី អនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលមានកាតព្វកិច្ចត្រូវអនុវត្តតាម មានគោលការណ៍សំខាន់ចែងថា រាល់សកម្មភាពទាក់ទងនឹងកុមារ មិនថាធ្វើឡើងដោយស្ថាប័នសង្គម ឬអង្គការណាមួយឡើយ ផលប្រយោជន៍ខ្ពស់បំផុតរបស់កុមារត្រូវតែជាអាទិភាពដំបូង ហើយរដ្ឋភាគីត្រូវទទួលស្គាល់សិទ្ធិរបស់កុមារក្នុងការទទួលបានការអប់រំដោយផ្អែកលើឱកាសស្មើភាពគ្នា។


គណៈកម្មាធិការជាតិសិទ្ធិមនុស្សថៃ យល់ឃើញថា ការចាប់ខ្លួនកុមារសិស្សប្រុសខាងលើ គឺជាទង្វើដែលផ្ទុយនឹងគោលការណ៍សិទ្ធិកុមារ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយសារវាជាការចាប់ខ្លួនដែលគ្មានដីកាចាប់ខ្លួន គ្មានហេតុផលនៃការប្រព្រឹត្តបទល្មើសជាក់ស្តែង កុមារនេះមានស្ថានភាពជាអ្នកតាមម្តាយចូលប្រទេសតាំងពីនៅតូច និងគ្មានចេតនារត់គេចខ្លួន ហើយការចូលទៅចាប់ខ្លួនកុមារនៅក្នុងតំបន់សាលារៀនអាចបង្កឱ្យមានស្នាមរបួសផ្លូវចិត្តដល់កុមារក្នុងរយៈពេលវែង។




លើសពីនេះ ការបញ្ជូនត្រឡប់ទៅប្រទេសដើមភ្លាមៗអាចធ្វើឱ្យកុមារសិស្សបុរសនេះ ដែលមិនអាចប្រាស្រ័យទាក់ទងជាមួយភាសាប្រទេសកំណើតបាន បាត់បង់សិទ្ធិ ខ្វះឱកាស និងភាពបន្តនៃការទទួលបានការអប់រំជាដាច់ខាត។
ពីករណីខាងលើ គ.ស.ម សូមសង្កត់ធ្ងន់លើគោលការណ៍សិទ្ធិកុមារដោយក្តីបារម្ភជាខ្លាំង សូមឱ្យរាល់សកម្មភាពរបស់គ្រប់ភាគីពាក់ព័ន្ធពិចារណាលើផលប្រយោជន៍ខ្ពស់បំផុតរបស់កុមារជាចម្បង ដោយមិនគួរមានការចាប់ខ្លួនកុមារជនបរទេសបែបនេះកើតឡើងជាថ្មីទៀត។


ទន្ទឹមនេះ ក្នុងស្ថានភាពជម្លោះរវាងប្រទេស គ.ស.ម សូមអំពាវនាវឱ្យសង្គមរួមគ្នាបញ្ឈប់ការបង្កើតស្អប់ខ្ពើមដោយហេតុផលនៃជាតិសាសន៍គ្រប់រូបភាព ដើម្បីការរួមរស់ជាមួយគ្នាក្នុងសង្គមពហុវប្បធម៌ដែលអាចពឹងផ្អែកលើគ្នាបានដោយសន្តិភាព។
ត្បិតថា គណៈកម្មាធិការជាតិសិទ្ធិមនុស្សថៃ បានចេញសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះមែន ! ប៉ុន្តែក្មេងប្រុសរងគ្រោះ និងម្ដាយ ព្រមទាំងជនខ្មែរ ១០រូបទៀត បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅក្នុងស្រះកែវ ដើម្បីត្រៀមបញ្ជូនត្រលប់មកក្នុងប្រទេសកម្ពុជាវិញ៕

