«យើងកំណត់ជាគោលដៅថាមិនអាចឲ្យពលរដ្ឋណាម្នាក់មិនមានឯកសារអត្តសញ្ញាណសម្រាប់ប្រើប្រាស់នោះទេ ឲ្យតែប្រជាពលរដ្ឋខ្មែរពិតប្រាកដ»។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រាប់សារព័ត៌មានត្រយង ក្រោយចប់កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ នៅសាល ប្រជុំរាជធានីភ្នំពេញ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

កាលលើកឡើងរបស់ឯកឧត្តមបណ្ឌិត តុប នេត ខាងលើនេះស្របពេលដែលប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ ដែលតួលេខចុងក្រោយមានប្រមាណជាជាង៩០ម៉ឺននាក់ហើយ គិតចាប់តាំងពីកម្ពុជានិងថៃ ប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៤កក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងចំណោមប្រជាពលរដ្ឋជាង៩០ម៉ឺននាក់ដែលវិលមកពីប្រទេសថៃវិញនេះ គឺភាគច្រើនប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ ហើយខ្លះមានឯកសារ តែបាត់ដូចជា សំបុត្រកំណើត អត្តសញ្ញាណបណ្ណ ឬមួយសៀវភៅស្នាក់នៅជាដើម និងប្រជាពលរដ្ឋតិចតួចបំផុតដែលពុំមានឯកសារអ្វីទាំងអស់។
ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលពុំមានឯកសារគ្រប់គ្រាន់ និងពុំមានឯកសារអ្វីទាំងអស់នោះ អគ្គនាយកដ្ឋានបានបើកកិច្ចប្រជុំចំនួន២លើក គឺទី១ ជាកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធដើម្បីសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ សីហា កន្លងទៅនេះ។ កិច្ចប្រជុំលើកទី២ ពីការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ នៅសាល ប្រជុំរាជធានីភ្នំពេញ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនៅលើកទី២នេះ ក្រោមការដឹកនាំកិច្ចប្រជុំរបស់ ឯកឧត្តមបណ្ឌិត តុប នេត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបជិត៦ពាន់នាក់។







ឯកឧត្តមបណ្ឌិត តុប នេត បានបញ្ជាក់ថា ឆ្លងតាមកិច្ចប្រជុំលើកទី១នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថ្នាក់ដឹកនាំ ទទួលសំណូមពរបញ្ហាប្រឈមមួយចំនួន ដែលជួបប្រទះនូវបញ្ហាប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ។ ថ្នាក់ដឹកនាំបានរៀបចំសេចក្ដីព្រាងឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបមកប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេច និងចេញសេចក្ដីណែនាំស្ដីពីការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលពុំទាន់មានឯកសារគ្រប់គ្រាន់។
ដោយអនុវត្តន៍តាមប្រសាសន៍ណែរនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំផ្សព្វផ្សាយសេចក្តីណែនាំនេះ នៅទីស្ដីការក្រសួងកាលពីព្រឹកមិញនេះ ក្នុងគោលបំណងណែនាំជូនដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើយ៉ាងណាជួយសម្រួល និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់មានឯកសារសម្រាប់យកទៅប្រើប្រាស់ជីវភាពប្រចាំថ្ងៃតាមតម្រូវការជាក់ស្តែង។

ឯកឧត្តមបណ្ឌិត តុប នេត បានលើកឡើងថា ការផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៥០ ស្ដីពីការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋដែលពុំទាន់មានឯកសារគ្រប់គ្រាន់នៅពេលនេះ រំពឹងថាមន្រ្តីពាក់ព័ន្ធទាំងអស់នឹងយល់ច្បាស់ហើយជួយពន្លឿនការសម្របសម្រួលឯកសារជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ថា អ្នកចូលរួមជិត៦ពាន់នាក់ ក្នុងនោះមាន១៥ ក្រុងស្រុកខណ្ឌ ស្មើនឹង៤០សំណួរ គ្របដណ្ដប់លើខ្លឹមសារសេចក្ដីណែនាំ ០៥០ ដែលចម្លើយបានផ្ដល់ជូនទៅកាន់អង្គសិក្ខាសាលាផ្ទាល់នៅទីស្ដីការក្រសួងផង និងតាមប្រព័ន្ធ Zoom ផង។ ដូច្នេះការយល់ដឹងអំពីនីតិវិធី និងការសម្របសម្រួលបផ្ដល់ឯកសារលឿន ហើយអ្វីដែលសំខាន់នោះគឺការរៀបចំប្រព័ន្ធតែមួយ ឯកសារតែមួយ។
ដើម្បីសម្រេចបាននូវផែនការដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់រូបមានឯកសារគ្រប់គ្រាន់នោះគឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរ និងប្រជាពលរដ្ឋ។ អាជ្ញាធរពាក់ព័ន្ធរាប់ចាប់ពី ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត រហូតដល់ថ្នាក់ជាតិត្រូវខិតខំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ឯប្រជាពលរដ្ឋត្រូវទៅធ្វើ ឬប្រាប់អាជ្ញាធរពាក់ព័ន្ធអំពីអត្តសញ្ញាណដែលខ្លួនខ្វះ ឬពុំមានទាល់តែសោះនោះ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត តុប នេត។

សូមជម្រាបជូនថា សេចក្ដីណែនាំលេខ ០៥០ ស្ដីពីការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ និងប្រជាពលរដ្ឋខ្មែរដែលពុំមានឯកសារគ្រប់គ្រាន់ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចុះកាលបរិច្ឆេទថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ គឺមានចំនួន៤ទំព័រ ដែលបានបែកចែកជាពីចំនុចសំខាន់ រួមមាន ១ ការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់សម្រាប់ស្នើសុំ ឫឯកសារបញ្ជាក់អត្តសញ្ញាណបានបាត់បង់ ខូចខាត ឬអស់សុពលភាព។ ទី២ ការផ្ដល់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ក្នុងករណីពុំទាន់មានឯកសារគ្រប់គ្រាន់ ឬពុំមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់។ នៅក្នុងសេចក្ដីណែនាំ៤ទំព័រនេះ ក៏បានភ្ជាប់នូវឧបសម្ព័ន្ធជាង១០សន្លឹក អំពីការណែនាំនីតិវិធី ទម្រង់នៃការស្នើសុំអត្តសញ្ញាណជាខ្មែរ ទាំងអ្នកមានឯកសារមិនគ្រប់គ្រាន់ និងពុំមានឯកសារអ្វីទាំងអស់ និងរបៀបរបនៃនីតិវិធីនៃការស្នើសុំអត្តសញ្ញាណជាខ្មែរ៕
