​លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាពេលថ្មីៗនេះថា នយោបាយថៃមើលទៅដូចជាដូចឈ្លោះប្រកែកបែកបាក់ផ្ទៃក្នុង ប៉ុន្តែនេះជារបៀបរបត់នៃនយោបាយរបស់ថៃដែលមានមហិច្ឆតាចង់ពង្រីកទឹកដី។ សួរថាអ្នកណារួមទឹកដី?

លោកបណ្ឌិតរូបនេះបានបញ្ជាក់ថា កុំឃើញថៃបែកបាក់ផ្ទៃក្នុងមើលទៅដូចជាក្ដៅក្រហាយក្រឡេចក្រឡុចដាក់គ្នាមិនយល់គ្នា ប៉ុន្តែថៃមិនចេះសន្សំសុខនោះទេ ព្រោះថៃប្រើនយោបាយក្ដៅគគុកខាងក្នុង តស៊ូមតិគ្នាប្រឆាំងគ្នាតែនៅខាងក្នុង ចុងក្រោយរីកទឹកដី។ ថៃកាន់តែឈ្លោះគ្នាផ្ទៃក្នុង ថៃកាន់តែរីកទឹកដី ដែលនេះហើយជាមហិច្ឆតារបស់ថៃ រួចសួរថាតើរីកទឹកដីមកខាងណា?

លោកបណ្ឌិត យង់ ពៅ លើកឡើងបន្ថែមថា នោះគឺមានតែកម្ពុជាយើងនោះទេ ព្រោះថៃមិនហ៊ានជាមួយភូមានោះទេព្រោះទៅមិនរួច ចំពោះឡាវក៏ពិបាកពង្រីកទឹកដីដោយសារតែរបាំងធម្មជាតិជាពិសេសដងទន្លេមេគង្គ រីឯម៉ាឡេស៊ី​គឺនៅភាគខាងត្បូងកំពុងមានសភាពវឹកវរ និងជាទឹកដីម៉ាឡេស៊ីដែលមិនងាយពង្រីកបន្ថែមបាននោះទេ។ ដូច្នោះថៃគឺមានតែតម្រង់ទិសមកកម្ពុជាដើម្បីឱ្យខ្លួនរីកទឹកដី។

សាស្ត្រាចារ្យរូបនេះបានបញ្ជាក់ពីការលើកឡើងរបស់លោកមិនមែនសំដៅឱ្យកម្ពុជាយើងឈ្លោះគ្នាដើម្បីពង្រីកទឹកដីនោះទេ ប៉ុន្តែកម្ពុជាត្រូវខ្លាំងខាងក្នុងដើម្បីការពារទឹកដីរបស់យើងឱ្យបាន។ លោកផ្ដាំបន្តថា ខ្មែរ កុំស្មោះត្រង់នឹងខ្លានិងពស់វែកក្បែរខាងទាំងនោះដែលមានចរិកឈ្លានពានយកទឹកដីយើងជាដាបរៀងមក។ យើងរួមទឹកដី ព្រោះតែស្មោះត្រង់នឹងសត្រូវ និងភ្លេចពង្រឹងខ្លួន៕

Share.