កោះកុង ៖ ស្ត្រីជាពលករខ្មែរម្នាក់ ឈឺពោះគ្រប់ខែ បែជាមន្ទីរពេទ្យមួយនៅប្រទេសថៃ ដឹកយកមកដាក់នៅព្រំដែនទៅវិញ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ច ខាងកម្ពុជា ក្រុមគ្រូពេទ្យ ជួយអន្តរាគមន៍ ចាត់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ហើយបានសម្រាល ដោយសុវត្តិភាព នៅវេលារំលងអធ្រាត្រចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។


តាមសមត្ថកកិច្ច ក្រុមគ្រូពេទ្យ បានឱ្យដឹងថា ស្ត្រីជាពលករ ឈឺពោះគ្រប់ខែ សម្រាលបុត្រ តែត្រូវបានមន្ទីរពេទ្យមួយក្នុងប្រទេសថៃបណ្តេញចេញ ហើយដឹកយកស្ត្រីខាងលើយកមកព្រំដែន អន្តរជាតិចាំយាម-ហាតលេក ខេត្តកោះកុង។ ស្ត្រីខាងលើត្រូវបានសមត្ថកិច្ចសម្របសម្រួល សហការជាមួយក្រុមគ្រូពេទ្យ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។


បើតាមក្រុមគ្រូពេទ្យ ស្រ្ដីមានផ្ទៃពោះ មានលើសសម្ពាធឈាម និងហើមជើង (បម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ)ប៉ុន្តែត្រូវបានជួយសង្គ្រោះ ។ លុះដល់វេលាម៉ោង ០០និង៥០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យផ្នែកសម្ភព បានជួយសម្រាលបានទារក១ (ប្រុស) ទំងន់៣,៦គក្រ (Normal delivery – Severe pre eclampsia)។
បច្ចុប្បន្នស្ត្រី និងទារក កំពុងបន្តសម្រាក ទទួលការថែទាំ តាមដានសុខភាព ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
អត្ថបទ៖ តាតុងសែនជ័យ

