ស្របពេលដែលនយោបាយប្រទេសថៃកំពុងតែក្ដៅគគុកដូចបាយកំពុងពុះ នៅក្នុងនោះគេសង្កេតឃើញថា អតីតនាយករដ្ឋមន្ត្រីថៃ ១១ នាក់ ដែលឡើងកាន់តំណែងជាប្រមុខដឹកនាំប្រទេសថៃ ប៉ុន្តែអង្គុយនៅលើកៅអីបានតិចជាមួយឆ្នាំ។ តើមានអតីតនាយករដ្ឋមន្ត្រីថៃរូបណាខ្លះ? តស់មកតាមដានជាមួយសារព័ត៌មានត្រយងដូចតទៅ៖

១. ព្រះយាមនោបៈករណ៍និតិធាដា កន ហុតៈសិង្ហ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបានរយៈពេល ៣៥៨ ថ្ងៃ ដែលលោកគឺជានាយករដ្ឋមន្ត្រីដំបូងគេរបស់ប្រទេសសៀម បន្ទាប់ពីមានបដិវត្តន៍សៀមឆ្នាំ១៩៣២ ហើយលោកត្រូវបានជ្រើសរើសដោយមេដឹកនាំនៃគណបក្សប្រជាជន ដែលជាគណបក្សដំបូងជំរុញឱ្យមានបដិវត្តន៍ ប៉ុន្តែលោកត្រូវបានទម្លាក់ចេញពីកៅអីសភាដោយមានការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៣៣ ដោយសារតែជម្លោះរវាងសមាជិកនៃបក្សប្រជាជន។

២. លោក ស្រេតដ្ឋា ទវីស៊ីន មានអាណត្តិជានាយករដ្ឋមន្ត្រីរយៈពេល ៣៥៨ ថ្ងៃប៉ុណ្ណោះ គឺជាអ្នកជំនួញអចលនទ្រព្យ និងអ្នកនយោបាយថៃមួយរូប ដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃចាប់ពីឆ្នាំ២០២៣ ប៉ុន្តែលោកត្រូវតុលាការធម្មនុញ្ញថៃដកហូតតំណែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយសារតែលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានទោសជាប់ពន្ធនាគារជាសមាជិកនៃគណៈរដ្ឋមន្ត្រី។

លោកធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ សែនសិរី នៅក្នុងឆ្នាំ១៩៨៨ ដែលសព្វថ្ងៃនេះជាក្រុមហ៊ុនជំនួញអចលនទ្រព្យដ៏ធំបំផុតនៅប្រទេសថៃ ជំរុញឱ្យលោកក្លាយជាមហាសេដ្ឋីអចលនទ្រព្យថៃដ៏លេចធ្លោម្នាក់។ មិនតែប៉ុណ្ណោះលោកគឺជាមនុស្សជំនិតរបស់លោក ថាក់ស៊ីន ស៊ីនណាវាត្រ។

៣.ឧត្តមសេនីយ ឆៈវៈលីត យ៉ុងចៃយុតថ៍ គឺជាអតីតនាយករដ្ឋមន្ត្រីទី ២២ របស់ប្រទេសថៃដែលបានកាន់តំណែងរយៈពេល ៣៤៩ ថ្ងៃ។

លោកគឺជាអតីតមេដឹកនាំបក្សប្រឆាំងក្នុងសភានៃគណបក្សក្តីសង្ឃឹមថ្មី ដែលតំណាងឱ្យអគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ និងជាអតីតអគ្គមេបញ្ជាការស្តីទីនៃកងទ័ពភូមិន្ទថៃ ប៉ុន្តែរូបលោកគឺជាបុគ្គលទី ២ ដែលសមាជិកសភាជំរុញឱ្យលាលែងចុះចេញពីតំណែង។

៤.ម៉មរាជាវង្ស សេនីយ៍ ប្រាមោជ កាន់តំណែងជានាយរដ្ឋមន្ត្រីថៃរយៈពេល ៣៣២ ថ្ងៃ ទ្រង់ជាអ្នកនយោបាយនៅក្នុងគណបក្សប្រជាធិបតេយ្យ ជាមេធាវី ជាអ្នកការទូត និងជាសាស្រ្តាចារ្យ ។ ទ្រង់មានខ្សែរាជវង្សថៃ ទ្រង់ជាចៅទួតរបស់ស្តេចរាមាទី២។

៥.លោកស្រី ផែថងថាន ស៊ីនណាវាត្រ កាន់តំណែងជានាយករដ្ឋមន្ត្រីបានរយៈពេល ៣១៩ ថ្ងៃ បន្ទាប់ពីលោកស្រីត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃកាត់ទោសទម្លាក់តំណែងចំពោះករណីបែកធ្លាយឃ្លីបសំឡេងសន្ទនាជាមួយសម្ដេច ហ៊ុន សែន ដោយមានសំឡេងបោះឆ្នោតពីតុលាការទម្លាក់លោកស្រី ៦ ទល់ ៣។

៦.នាយ សាម៉ាក់ ស៊ុនទៈវេទ ជាអតីតនាយករដ្ឋមន្ត្រីថៃទី ២៥ កាន់តំណែងរយៈពេល ២២៤ ថ្ងៃ ហើយលោកត្រូវបានដកចេញពីតំណែង​បន្ទាប់ពីតុលាការធម្មនុញ្ញរកឃើញថា លោកជាសកម្មជនជំនួសដៃជើងលោក ថាក់ស៊ីន ស៊ីនណាវាត្រ បង្កបាតុកម្មប្រឆាំងតវ៉ាសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យឆ្នាំ២០០៨។

៧.លោក ព្រីឌី ផាណមយ៉ុង កាន់តំណែងជានាយករដ្ឋមន្ត្រីថៃបានរយៈពេល ១៥២ ថ្ងៃប៉ុណ្ណោះ លោកធ្លាប់ជាមេដឹកនាំបក្សស៊ីវិលរបស់គណៈរាស្ត្រ ជាស្ថាបនិកសាកលវិទ្យាល័យសីលធម៌ និងវិទ្យាសាស្ត្រនយោបាយ និងធនាគារនៃប្រទេសថៃ។

៨.លោក ផុច សារៈស៊ីន បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃរយៈពេល ១០២ថ្ងៃ។ លោកត្រូវបានលាលែងពីតំណែង ដោយសារមានមតិផ្ទុយគ្នាជាមួយរដ្ឋាភិបាលទាក់ទងនឹងការទទួលស្គាល់រដ្ឋាភិបាលរបស់អធិរាជ Bao Dai នៃប្រទេសវៀតណាមខាងត្បូង និងអតីតឯកអគ្គរដ្ឋទូតថៃប្រចាំសហរដ្ឋអាម៉េរិក។

៩.លោក ស៊ុមឆាយ វង្សសុវត្ថិ កាន់តំណែងជានាយករដ្ឋមន្ត្រីថៃទី ២៦បានរយៈពេល ៧៥ថ្ងៃប៉ុណ្ណោះ។

១០.ឧត្តមសេនីយ ស៊ូចិន្តា ក្រាប្រាយុន ដែលជាមន្ត្រីយោធា និងជាអ្នកនយោបាយថៃ ក្លាយជានាយករដ្ឋមន្ត្រីទី១៩ ដែលបានកាន់តំណែងរយៈពេល ៤៧ ថ្ងៃ។ លោកធ្លាប់ជាអគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ និង ជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធថៃជំនាន់ទី១៩នៃក្រុមប្រឹក្សាសន្តិសុខជាតិ ។

១១.លោក ថាវី ប៊ុនយ៉ាកេតុ គឺជាអតីតនាយករដ្ឋមន្ត្រីទី៥របស់ប្រទេសថៃ និងជាអតីតប្រធានសភាថៃ ដែលកាន់តំណែងបានត្រឹមតែ ១៧ ថ្ងៃតែប៉ុណ្ណោះ។ លោកធ្លាប់ជាស្ថាបិកបក្សចលនាថៃសេរី និងស្ថាបនិកក្រុមប្រឹក្សាគ្រូបង្រៀន ហើយក៏ធ្លាប់ជាអ្នកនិពន្ធសៀវភៅ ឪពុកបង្រៀនកូនប្រុស ដែលជាសៀវភៅបណ្ដុះស្មារតីជាតិនិយមថៃ។

Share.