អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលលម្អិត នៃការស្រាវជ្រាវករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥។
យោងតាម ACU បានអះអាងថា រាល់ទម្រង់រូបវិញ្ញាសាប្រឡងដែលបានបង្ហោះមក ទោះជារូបភាពអត្ថបទវិញ្ញាសាវាយឡើងវិញក្តី, ការបង្ហោះជារូបព្រាលៗក្តី, ការបង្ហោះរូបវិញ្ញាសាច្បាស់មានហត្ថលេខាសង្ខេប (Griff) របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឬគ្មានហត្ថលេខាសង្ខេប អ.ប.ព. បានធ្វើកោសលវិច័យ ហើយឃើញថា ឯកសារទាំងនេះ ពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ប្រាកដមែន (ដូចពី80% ទៅ100%)។
តាមរយៈរបាយការណ៍របស់ខ្លួននៅថ្ងៃទី១ខែកញ្ញានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអំណរគុណដល់សាធារណៈជនទាំងអស់ ដែលបានសហការ និងផ្ដល់ព័ត៌មាន ក៏ដូចជាការបង្ហោះចែកចាយនៅតាមបណ្ដាញសង្គម ដែលទាំងអស់នេះសុទ្ធតែជាតម្រុយនៃការស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌ និងស្នើដល់មហាជនកុំចាត់ទុកអ្នកបង្ហោះទាំងអស់នោះ ជាអ្នកបំពុលសង្គម។
សូមបញ្ជាក់ថា ក្រោយពីមានបណ្តាញសង្គម មួយចំនួនបានលើកឡើងអំពីការ សង្ស័យថា អាចមានការលេចធ្លាយវិញ្ញាសាប្រឡងបាក់ឌុបរួចមក ក្រុមការងារ ACUបានធ្វើការកោសលវិច័យលើគ្រប់ទម្រង់នៃ រូបថតដែលអះអាងថាជាវិញ្ញាសាគណិតវិទ្យា។រូបថតប្រធានវិញ្ញាសារ គឺជាទម្រង់វាយកុំព្យូទ័រ។ ជាលទ្ធផល ឃើញថា វាគឺជាវិញ្ញាសាវាយឡើងវិញ ដែលមានខ្លឹមសារដូច នឹងវិញ្ញាសាចេញថ្ងៃប្រឡង (សំណៅដើម)។ ប៉ុន្តែ វាគ្រាន់តែវិញ្ញាសាមានលំដាប់លេខរ៉ូម៉ាំង ខុសគ្នា នូវលំហាត់រ៉ូម៉ាំងទី I, II និង III និងលំហាត់ចំនួនពីរ ដែលមានតម្លៃលេខខុសគ្នា។
ក្រោយការបង្ហាញលទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការបែកធ្លាយវិញ្ញាសាគណិតវិទ្យានេះ គេឃើញមានមហាជនជាច្រើនក្នុងនោះមានទាំងបេក្ខជនប្រឡងបាក់ឌុបផងដែរបានបញ្ចេញទស្សនៈគាំទ្រចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះ៕



