ការប្រកួតពានរង្វាន់បាល់ទាត់ផ្នែកនារី AFC Women’s Champions League 2025–26 បានបញ្ចប់ការប្រកួតវគ្គជម្រុះបឋម (Preliminary stage) ហើយ ដោយក្នុងនោះរកឃើញក្រុមចំនួន ១២ដែលឡើងទៅវគ្គចែកពូល (Group stage) ខណៈក្រុមនៅក្នុងតំបន់អាស៊ានចំនួន៤ក្រុម ក៏មានកៅអីទៅជាមួយដូចគ្នា។

នេះជាក្រុមនៅក្នុងតំបន់អាស៊ាន ចំនួន៤ក្រុមដែលឡើងទៅវគ្គចែកពូលជុំទី២៖
- ទី១ ក្រុមនារី Ho Chi Minh City FC របស់វៀតណាម
- ទី២ Lion City Sailors របស់សិង្ហបុរី
- ទី៣ Stallion Laguna FC របស់ហ្វីលីពីន
- ទី៤ ISPE របស់មីយ៉ាន់ម៉ា
ចំពោះក្រុមទាំង១២ ដែលឆ្លងកាត់ការប្រកួតវគ្គជម្រុះក្នុងពូលនៅជុំទី១ នឹងឡើងមកកាន់ទីតាំង POT ចំនួន៤ផ្សេងៗគ្នា៖
ទីតាំង Pot ទី១ មានក្រុម Melbourne City របស់អូស្ត្រាលី Suwon របស់កូរ៉េខាងត្បូង និង Tokyo Verdy Beleza ជប៉ុន។
ទីតាំង Pot ទី២ មានក្រុម Wuhan Jiangda របស់ចិនHồ Chí Minh City របស់វៀតណាមBam Khatoon របស់អ៊ីរ៉ង់។
ទីតាំង Pot ទី៣ មានក្រុម Stallion Laguna របស់ហ្វីលីពីន East Bengal របស់ឥណ្ឌា និង Naegohyang របស់កូរ៉េខាងជើង ។
ទីតាំង Pot ទី៤ មានក្រុម Nasaf របស់អ៊ូសបេគីស្ថាន ISPE របស់មីយ៉ាន់ម៉ា និង Lion City Sailors របស់សិង្ហុរី ។

សូមជម្រាបថា ក្រុមនារីភ្នំពេញក្រោន អស់ឱកាសឡើងវគ្គជម្រុះជុំទី២ ក្រោយឆ្លងកាត់២ប្រកួត ចាញ់១ និងស្មើ១មាន ១ពិន្ទុ នៃវគ្គជម្រុះពូល E ដោយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ជាម្ចាស់ផ្ទះ ខណៈការប្រកួតវគ្គជម្រុះនេះបានធ្វើឡើងនៅថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Women’s Champions League បង្កើតឡើងដំបូងនៅរដូវកាលឆ្នាំ២០២៤-២៥ មានក្រុមមកពី ២១ប្រទេសចូលរួមប្រកួតប្រជែង។ ការប្រកួតមាន ៣ដំណាក់កាលគឺ វគ្គជម្រុះ Preliminary stage វគ្គ Group stage និងវគ្គ Knockout stage។
រំលឹកដែរថា នៅរដូវកាលដំបូងឆ្នាំ២០២៤-២៥ ក្រុមបាល់ទាត់នារី Wuhan Jiangda របស់ប្រទេសចិន បានក្លាយជាម្ចាស់ជើងឯក ដោយយកឈ្នះក្រុម Melbourne City របស់អូស្ត្រាលី កាលពីថ្ងៃទី២៤ ខែឧសសភា ក្នុងមជ្ឈមណ្ឌល Wuhan Sports Center ប្រទេសចិន៕


