កណ្តាល៖ នៅថ្ងៃច័ន្ទ ដើមខែ កញ្ញា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់សាធារណជន អំពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីផ្លូវបំបែកផ្លូវលេខ ១១៦ A (គ.ម ២+៨០០) ដល់ផ្លូវជាតិលេខ១ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ ពោលគឺមានរយៈពេលជិត ២ឆ្នាំកន្លះ។
ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺដើម្បីសម្រួលដល់ការអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែល មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ទោះជាយ៉ាងណា ការផ្អាកចរាចរណ៍នេះ មិនមែនផ្អាកគ្រប់យានយន្តនោះទេ។ បើតាមក្រសួងសាធារណការ, ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦ A បាន។ ចំណែកឯ ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២ A ដូចដែលក្រសួងបានគូសបង្ហាញលើផែនទី។ ដោយឡែក សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា។


យោងតាមព័ត៌មានរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ម៉ែត្រ ក្នុងនោះតួស្ពានមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ ម៉ែត្រ (៤ គន្លងផ្លូវ) ។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាង សង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ ប្រើរយៈពេលសាងសង់ប្រមាណ ៤៨ខែ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៨ ។

គម្រោងនេះ បើកការដ្ឋានសាង សង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នេះជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕

