កែប៖ ការសាងសង់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានចាប់ផ្តើមជាផ្លូវការ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ខណៈដែលឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ នៃអគារថ្មីនេះ។


អគារថ្មីនឹងត្រូវសាងសង់ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ហើយគ្រោងចំណាយពេលសាងសង់ប្រមាណ ១ ឆ្នាំ។ គម្រោងនេះមានប្លង់ស្ថាបត្យកម្មអមដោយរចនាបថខ្មែរ ដែលដើមទង់ចាប់យកបែបបទពីសាលាវិនិច្ឆ័យសម័យព្រះបាទស៊ីសុវត្ថិ ដែលបច្ចុប្បន្នជាទីស្តីការក្រសួងយុត្តិធម៌។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្នាក់ដឹកនាំកងកម្លាំងគ្រប់ប្រភេទ ប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីនៃសាលាតំបូងខេត្តកែបផងដែរ។


សំណង់អគារនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែបនេះ គ្រោងចំណាយពេលសាងសង់ប្រមាណ ១ ឆ្នាំ ដោយមានប្លង់ស្ថាបត្យកម្មតាមរចនាបថខ្មែរ ជាទម្រង់សាលាជម្រះក្តី ដោយតាមលំនាំអគារសាលាយុត្តិធម្ម ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្តេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាទីស្តីការក្រសួងយុត្តិធម៌។ ការសាងសង់អគារថ្មីនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍវិស័យយុត្តិធម៌ ដោយមានគោលបំណងបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕



