បាត់ដំបង÷ ទឹកភ្លៀងធ្លាក់ជោរជន់ខ្លាំងជាប់ៗគ្នាក្នុងភូមិសាស្ត្រស្រុកសំឡូតបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋ កំណាត់ផ្លូវ ស្ពាន លូ និងដំណាំជាច្រើនហិកតា។
លោក សើ សាម៉េត អភិបាលស្រុកសំឡូតបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥នេះថា÷ ទឹកភ្លៀងបន្តធ្លាក់ក្នុងកម្រិតមធ្យម និងខ្លាំងស្រោចស្រពពេសពេញភូមិសាស្ត្រស្រុកសំឡូត ចាប់តាំងពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែសីហាកន្លងមកនេះបានគ្របដណ្តប់ខ្លាំងលើឃុំចំនួន ៧ ក្នុងនោះបានប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ២៥ខ្នង លិចទាំងស្រុងមួយខ្នងផ្ទះ ក្នុងឃុំសំឡូត ឃុំតាតោក ឃុំស៊ុង និងឃុំតាសាញប៉ះពាល់ខ្លាំងជាងគេ។

ក្រៅពីការប៉ះពាល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ កម្លាំងទឹកជន់ក៏បានហូរបុកផ្តាច់ស្ពានចំនួន ២កន្លែងធ្ងន់ធ្ងរត្រង់ចំនុច ៤១ ក្នុងភូមិវរៈជ័យ ទឹកបានហូរច្រោះដី និងថ្មអស់ សល់តែគ្រោងលូ និងស្ពានត្រង់ចំណុចអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ឃុំតាតោក។

មន្ត្រីរដ្ឋបាលស្រុកខាងលើបានបន្ថែមថា÷ ឥទ្ធិពលទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាយ៉ាងគំហុកក៏បានប៉ះពាល់លិចកំណាត់ផ្លូវចំនួន ០៩កន្លែង ប្រវែង ១៨,៣០០ម៉ែត្រ រួមទាំងដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនទៀតក្នុងនោះរួមមាន ដំណាំដូង ចំនួន ៦០ដើម ដំឡូងមី បន្លែត្រឡាច ត្រសក់ ដំណាំប័រ សាវម៉ាវជិត ២០ហិកតា និងទឹកជន់លិចងាប់មាន់ ទារាប់សិបក្បាលផ្សេងទៀត៕

អត្ថបទ: ដំបងក្រញូង

