កំពង់ចាម៖ នៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារ បានអញ្ជេីញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម(TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ។

បន្ទាប់ពីជួបសំណេះសំណាល និងស្វែងយល់ពី សកម្មភាពការងារជំនាញខាងលើ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស និងកំពុងអនុវត្តន៍ផ្ទាល់លេីជំនាញជួសជុលម៉ូតូ និងរថយន្តនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ដេីម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង ឬធ្វេីការឲ្យគេ ដេីម្បីកាត់បន្ថយភាពក្រីក្រផង និងលេីកស្ទួយជីវភាពក្នុងគ្រួសារឲ្យកាន់តែល្អប្រសេីរឡើង ។

ឆ្លងកាត់បទពិសោធន៍ផ្ទាល់ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់ខ្នងផ្ទះ ពលករខ្មែរដែលទើបត្រលប់មកពីថៃ និងយុវជននៅក្នុងគ្រួសារក្រីក្រ ស្ដីពីការចុះឈ្មោះចូលរៀនវគ្គខ្លីដើម្បីចេះជំនាញបច្ចេកទេសមួយពិតប្រាកដ ដែលនឹងផ្ដល់ឱកាសច្រើនសម្រាប់ការចូលបំពេញការងារនៅក្នុងរោងចក្រ ឬសហគ្រាសនានា ប៉ុន្តែ លោកនាយកវិទ្យាស្ថាន បានពោលថា ទាំងពលករ និងយុវជនមកពីគ្រួសារក្រីក្រ ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសមានតិចតួច ប៉ុន្តែអ្វីដែលគេចង់បានគឺ ចង់បានការងារនិងទទួលបានប្រាក់ខែភ្លាមៗ។

ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរខេត្ត បានព្យាយាមផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋពិសេសគឺពលករត្រលប់មកពីថៃ ទទួលបានដំណឹងស្ដីពីឱកាសការងារ ដើម្បីអាចជួយពួកគាត់ឱ្យឆាប់បានចូលធ្វើការងារ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រោះកំពង់ចាម ត្រូវការកម្លាំងពលកម្មប្រមាណជាង១ម៉ឺនកន្លែងបន្ថែម ប៉ុន្តែត្រូវគួបផ្សំនឹង សមត្ថភាព ជំនាញ វិជ្ជាជីវៈផងដែរ។
អត្ថបទ៖ អាចារ្យលាក់

