ភ្នំពេញ ៖ កំណាត់ផ្លូវបេតុងលេខ៤២ កែងភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលរងបាក់ស្រុត ខូច ជង្ហុកដក់ទឹក ពិបាកក្នុងការធ្វើដំណើរ ពលរដ្ឋស្នើសុំឱ្យអាជ្ញាធរ ខណ្ឌ ក្រុង ជួយពិនិត្យ និងស្តាប្រព័ន្ធឡើងវិញ ដើម្បីបង្ហូររំដោះទឹកចេញ។

តាមបុរសម្នាក់ឈ្មោះ នឹម រតនា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិ សង្កាត់ខាងលើបានឱ្យដឹងថា ផ្លូវបេតុលេខ៤២ មធ្យោបាយឆ្លងកាត់ រថយន្តដឹកទំនិញ តូច ធំ ឆ្លងកាត់ច្រើនជាហូរហែ ទាំងយប់ទាំងថ្ងៃ ហើយជាផ្លូវសំខាន់មួយ សម្រាប់អ្នកដំណើរ ពីផ្លូវជាតិលេខ៣ កាត់ឆ្ពោះទៅផ្លូវជាតិលេខ៤ ត្រង់ផ្សារបែកចានស្រុកអង្គស្នួល ពោលចរាចរណ៍ឆ្លងកាត់មមាញឹក ក៏ប៉ុន្តែនៅពេលនេះ កំណាត់បេតុងលេខ៤២ ត្រង់ចំណុចកែងជាប់ផ្លូវជាតិលេខ៣ ទទួលរងខូចខាតបាក់ស្រុត ជង្ហុកដក់ទឹក ដោយសារប្រព័ន្ធលូ ខូចកកស្ទះ ធ្វើឱ្យទឹកចាល់គ្មានកន្លែងហូរចេញ រហូតដល់ខូចបាក់ទាំងផ្លូវបេតុង និងខូចបែកដល់ផ្លូវជាតិលេខ៣។

ពលរដ្ឋអ្នកភូមិបានឱ្យដឹងថា បន្ទាប់ពីផ្លូវខូច ដក់ទឹកនារដូវភ្លៀងធ្លាក់ ក៏បាននាំគ្នាស្នើសុំដល់អាជ្ញាធរ ភូមិ សង្កាត់ ដែរដើម្បីរកដំណោះស្រាយ តែច្រើនខែមកហើយ ផ្លូវកាន់តែខូចខ្លាំង ទឹកកាន់តែដក់ច្រើន ពែលភ្លើងមកម្តងៗ រហូតដល់ហូរជន់លិចដល់ផ្ទះ ព្រោះតែគ្មានប្រព័ន្ធលូ។
បើតាមអាជ្ញាធរសង្កាត់បានឱ្យដឹងថា ធ្លាប់បានរាយការណ៍ទៅថ្នាក់ខណ្ឌដែរ តែមិនទាន់មានដំណោះស្រាយ។ពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរ អង្គភាព មន្ទីរពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងជួយរកដំណោះស្រាយ ខណៈដែលផ្លូវកាន់តែបាក់ខូចខ្លាំងឡើង ៕

អត្ថបទ៖ តាតុងសែនជ័យ

