លោក ភូមិថាំ វិឆាយ៉ាឆៃ រង​ការ​ចោទ​ប្រកាន់​ថា​ ធ្វើហួសពីអំណាចរបស់លោក ក្នុងនាមជានាយក​រដ្ឋមន្ត្រី​ចាំផ្ទះ បន្ទាប់ពីបានដាក់រាជក្រឹត្យស្វែងរកការរំលាយសភាតំណាងរាស្រ្ត។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។

សមាជិកសភាបក្សប្រឆាំង និងសកម្មជននយោបាយម្នាក់ កាលពីថ្ងៃពុធ បានដាក់ពាក្យបណ្តឹងទៅប៉ូលីសដោយចោទប្រកាន់នាយករដ្ឋមន្រ្តីចាំផ្ទះ លោក ភូមិថាំ វិឆាយ៉ាឆៃ ពីបទប្រមាថព្រះមហាក្សត្រ ដោយស្នើសុំព្រះមហាក្សត្រឱ្យអនុម័តការរំលាយសភា ដែលការស្នើសុំនេះគឺ ហួសពីអំណាចរបស់លោកហើយ។

គណបក្សភូមិចៃថៃ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ផង​ដែរ ដោយ​ចោទ​ប្រកាន់​លោក Phumtham ពី​បទ​ប្រព្រឹត្តទង្វើមិនត្រឹមត្រូវក្នុងតំណែង។

លោក Suratin Pichan សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យថ្មី និងសកម្មជននយោបាយ លោក Thaikorn Polsuwan បានដាក់ពាក្យញត្តិនេះនៅការិយាល័យស៊ើបអង្កេតកណ្តាលនៅទីក្រុងបាងកក កាលពីរសៀលថ្ងៃពុធ ម្សិលម៉ិញនេះ។

លោក Thaikorn បាននិយាយថា លោក Phumtham មិនគួរដាក់សំណើរសុំរំលាយសភាទេ ព្រោះក្នុងនាមលោកជានាយករដ្ឋមន្ត្រីចាំផ្ទះ លោកមិនមានសិទ្ធិអំណាចធ្វើដូច្នេះទេ ពោលគឺ មានតែនាយករដ្ឋមន្រ្តីដែលត្រូវបានតែងតាំងជាផ្លូវការទេ ទើបមានសិទ្ធិអំណាចតាមរដ្ឋធម្មនុញ្ញក្នុងការរំលាយសភា។

លោកបន្ដថា សំណើរសុំការអនុម័តពីព្រះមហាក្សត្រអាចត្រូវបានគេមើលឃើញថាជា ការប៉ុនប៉ងប្រើស្ថាប័នកំពូលជា «ឧបករណ៍នយោបាយ» ដែលអាចចាត់ទុកថាជា ទង្វើប្រមាថព្រះមហាក្សត្រ។

កាលពីថ្ងៃពុធ ម្សិលម៉ិញ គណបក្សប្រជាជនដែលជាបក្សប្រឆាំងដ៏ធំរបស់ថៃ បានប្រកាសគាំទ្រគណបក្សភូមិចៃថៃ ដែលមានលោក អនុទិន ចាន់វីរ៉ាគុល ជាមេដឹកនាំបក្ស ក្លាយជានាយករដ្ឋមន្រ្តីទី៣២ ប៉ុន្ដែអតីតឧបនាយករដ្ឋមន្រ្តី ភូមិថាំ វិឆាយ៉ាឆៃ ដែលបច្ចុប្បន្នកាន់តួនាទីជា នាយករដ្ឋមន្រ្តីចាំផ្ទះ បាននិយាយថា លោកបានដាក់សំណើសុំរំលាយសភា ដើម្បីសុំការយល់ព្រមពីព្រះមហាក្សត្ររួចហើយ ក្នុងគោលបំណងបិទបញ្ចប់ភាពចលាចលនយោបាយដែលកំពុងកើតឡើង។

យ៉ាងណាម៉ិញ លោក Supachai Jaisamut ប្រធានក្រុមអ្នកច្បាប់របស់គណបក្សប្រឆាំង Bhumjaithai ក៏បានដាក់ញត្តិចោទប្រកាន់លោក Phumtham ពីបទរំលោភអំណាច និងរំលោភលើបទដ្ឋានរដ្ឋធម្មនុញ្ញ តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌ ផងដែរ។

ញត្តិនេះ ត្រូវបានប្ដឹងទៅប៉ូលីសស៊ើបអង្កេត ខណៈសកម្មជននយោបាយ លោក Srisuwan Janya បានដាក់ញត្តិដាច់ដោយឡែកពីគ្នាទៅគណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ (NACC) ដើម្បីបើកការស៊ើបអង្កេតលើសកម្មភាពរបស់លោក Phumtham។

ទាំងលោក Supachai និងលោក Srisuwan បានលើកឡើងថា នាយករដ្ឋមន្រ្តីចាំផ្ទះ បានប្រព្រឹត្តដោយខុសច្បាប់ និងបំពានលើបទដ្ឋានរដ្ឋធម្មនុញ្ញ៕

ប្រភព៖​ Bangkok Post

Share.