បាងកក៖ គណបក្សប្រឆាំងដ៏ធំរបស់ថៃ បានយល់ព្រមគាំទ្រមេដឹកនាំគណបក្សភូមិចៃថៃ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃទី៣២ កាលពីថ្ងៃពុធ សប្ដាហ៍នេះ អាចជាកត្តាផ្លាស់ប្ដូរស្ថានការណ៍ដ៏សំខាន់ ដោយសារគណបក្សនេះគ្រប់គ្រងស្ទើរតែមួយភាគបី នៃអាសនៈនៅសភាជាន់ទាប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន The Asahi Shimbun នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥។

ការគាំទ្រដែលផ្ដល់ដោយគណបក្សប្រជាជនដល់លោក អនុទិន ចាន់វីរ៉ាគុល មេដឹកនាំបក្សភូមិចៃថៃ ហាក់បីដូចជាការធានាបាននូវការទទួលបានតំណែងនេះ ខណៈសមាជិកសភាភាគច្រើនបានងាកមកគាំទ្រលោក អនុទិន ដូចគ្នា។

យោងតាមគេហទំព័ររបស់សភា បានចុះផ្សាយសេចក្ដីជូនដំណឹមួយកាលពីយប់ថ្ងៃពុធ ថា សភាតំណាងរាស្រ្តនឹងកោះប្រជុំនៅថ្ងៃសុក្រ ទី៥ ខែកញ្ញា នេះ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនថ្មី ដឹកនាំរដ្ឋាភិបាលបន្ទាប់។

យ៉ាងណាម៉ិញ បេក្ខជននាយករដ្ឋមន្ត្រីត្រូវទទួលបានការគាំទ្រពីសមាជិកសភាយ៉ាងហោចណាស់ ​៥០​រូប ដើម្បីឈរឈ្មោះបោះ​ឆ្នោតក្នុងសភាតំណាងរាស្រ្ត ហើយដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវទទួលបានសំឡេងភាគច្រើន ស្មើនឹងជាង ២៤៧សំឡេង ក្នុងចំណោមសមាជិកសភាសរុប ៤៩២នាក់ នៅក្នុងសភាតំណាងរាស្រ្តថៃ។ ប្រសិនបើបេក្ខជនបរាជ័យ សភាតំណាងរាស្រ្តថៃ នឹងបន្ត​ដំណើរការនេះឡើងវិញ រហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានជ្រើសរើស និងមិនមានកំណត់ពេលវេលាសម្រាប់ដំណើរការនេះទេ។

លោក អនុទិន បានអះអាងថា លោកទទួលបានសំឡេងគាំទ្រចំនួន ១៤៦រូប ពីគណបក្សរបស់ខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈសមាជិកសភាបក្សប្រជាជនចំនួន ១៤៣រូប ក៏នឹងគាំទ្ររូបលោកយ៉ាងងាយ លើសពីសំឡេងភាគច្រើនដែលលោកត្រូវការចំនួន ២៤៧សំឡេង ក្នុងចំណោមសមាជិកសភាចំនួន ៤៩២នាក់ក្នុងសភាតំណាងរាស្រ្តថៃ៕

ប្រភព៖ The Asahi Shimbun

Share.