យោងតាមការស្ទង់មតិទូទាំងប្រទេសនាពេលថ្មីៗនេះ ដោយនាយកដ្ឋានគាំទ្រសេវាសុខភាព (DHSS) បានបង្ហាញនូវការរកឃើញដ៏គួរឱ្យបារម្ភមួយនៃការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមកុមារ និងយុវជន ដោយអ្នកប្រើប្រាស់ថ្មីដែលក្មេងជាងគេត្រូវបានរាយការណ៍ថាមានអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ។
ការស្ទង់មតិបានបង្ហាញថា ឥទ្ធិពលពីមិត្តភក្តិគឺជាកត្តាចម្បងដែលជំរុញឱ្យយុវជនងាកទៅប្រើបារីអេឡិចត្រូនិច។

នាយកដ្ឋានអប់រំសុខភាពនៃ DHSS បានធ្វើការស្ទង់មតិតាមអនឡាញនៅដើមឆ្នាំនេះ ដែលមានយុវជនថៃចំនួន ៤០,៣៤៤ នាក់ចូលរួម។ ការស្ទង់មតិនេះបានប្រមូលទិន្នន័យអំពីការប្រើប្រាស់បារីអេឡិចត្រូនិច ឬហៅថា «pods»។



ទិន្នន័យបង្ហាញថា ភាគរយខ្ពស់បំផុតនៃអ្នកប្រើបារីអេឡិចត្រូនិចគឺនៅក្នុងក្រុមអាយុ ១៩ ទៅ ២៥ ឆ្នាំ ដែលមានចំនួន ៣៧.៦២% នៃចំនួនសរុប។ បន្ទាប់មកគឺក្រុមអាយុ ១៦ ទៅ ១៨ ឆ្នាំ មាន ២៩.២៦% និងក្រុមអាយុ ១៣ ទៅ ១៥ ឆ្នាំ មាន ២២.៣៩%។
ការស្ទង់មតិក៏បានរកឃើញថា អ្នកប្រើប្រាស់ថ្មី ដែលចាប់ផ្តើមប្រើបារីអេឡិចត្រូនិចនៅអាយុជាមធ្យម ១៣ ឆ្នាំ ដោយអ្នកប្រើប្រាស់ដែលក្មេងជាងគេមានអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ។



លើសពីនេះ ការស្ទង់មតិបានបញ្ជាក់អំពីកត្តាសំខាន់ៗដែលជំរុញឥរិយាបថនេះ បណ្ដាលមកពីឥទ្ធិពលពីមិត្តភក្តិគឺជាកត្តាសំខាន់ ដោយ ៤៥.៥៦% នៃអ្នកឆ្លើយសំណួរបានលើកឡើងថា មិត្តភក្តិជាហេតុផលដែលនាំឱ្យពួកគេចង់សាកល្បងប្រើ ឬជក់បារីអេឡិចត្រូនិច។ មួយវិញទៀត បណ្តាញសង្គមក៏ដើរតួនាទីធំក្នុងការផ្សព្វផ្សាយ ដោយ Facebook ជាវេទិកាចម្បងសម្រាប់ការផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិច មាន ២៧.៨៨% បន្ទាប់មក TikTok មាន ២៧.៦០%។
សរុបមក ការស្ទង់មតិបានបង្ហាញពីកង្វះការយល់ដឹងដ៏គួរឱ្យព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការប្រើបារីអេឡិចត្រូនិចផងដែរ៕

