ត្បូងឃ្មុំ÷ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីលួចទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ នៅក្នុងតំបន់រដ្ឋបាលឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ខណៈបក្សពួកសេសសល់ចំនួន ៦នាក់ទៀត កំពុងរត់គេចខ្លួន និងស្ថិតក្រោមការស្រាវជ្រាវបន្តពីសំណាក់សមត្ថកិច្ច។

សកម្មភាពបង្ក្រាបនេះ បានអនុវត្តដោយយុទ្ធនាការនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត, អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉ែន កុសល្យ, អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ទោ ចិន នី, ស្នងការនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញារធរពាក់ពន្ធជាច្រើនទៀត ដើម្បីចុះពិនិត្យនិងស្រាវជ្រាវតាមការរាយការណ៍ពីប្រជាពលរដ្ឋ អំពីករណីលួចខ្សែភ្លើង គ្រោងទ្វារដែក និងសម្ភារផ្សេងៗ នៅក្នុងតំបន់។

លោកវរសេនីយ៍ឯក ឡាយ ឧត្តម, ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា សកម្មភាពលួចបានកើតឡើងចន្លោះថ្ងៃទី ២៣ ដល់ ៣០ ខែសីហា ឆ្នាំ ២០២៥។ ក្រោយពីសកម្មភាពស្រាវជ្រាវជាបន្តបន្ទាប់ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យបាន ៣នាក់នាំមកសាកសួរ នៅស្នងការដ្ឋាន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៣ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួច និងយកសម្ភារទៅលក់នៅទីកន្លែងទិញអេតចាយមួយ។ ដោយឡែកបក្សពួកសេសសល់ ៦នាក់ ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចនឹងបន្តការស្រាវជ្រាវដើម្បីឃាត់ខ្លួននាំមកចាត់ការតាមច្បាប់ជាបន្តទៀត។

អត្ថបទ÷អាចារ្យលាក់

Share.