បាត់ដំបង÷ ក្រោយសួនច្បារតេជោសន្តិភាពយ៉ាងស្រស់ស្អាតចេញរូរាង ចំពោះមុខនេះរដ្ឋបាលខេត្តបាត់ដំបងបានបង្កើតសួនច្បារសិល្ប:ថ្មីមួយបន្ថែមទៀត រួមទាំងគោលដៅទេសចរណ៍ផ្សេងទៀតដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងទាក់ទាញភ្ញៀវទេសចរ។

ក្រោមកិច្ចប្រជុំពិភាក្សាការងាររៀបចំគម្រោងកែលម្អក្រុងបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តបានបង្ហាញពីលទ្ធផលធំៗជាច្រើនរួមមាន ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ តុបតែងលម្អតំបន់រមណីដ្ឋានភ្នំសំពៅ ក្នុងស្រុកបាណន់ និងពិនិត្យពិភាក្សាលម្អិតលើគម្រោងស្ថាបនា សួនតេជោសន្តិភាព ក្រុងបាត់ដំបង បន្ថែម។

ចុងក្រោយនេះកំពុងបន្តរៀបចំសួនសិល្បៈជាសួនច្បារស៊ីវីល័យថ្មីស្រឡាងមួយទៀតនៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងលិច ដែលមានទាំងផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតយានយន្តនិងគម្រោងផ្សេងៗជាច្រើនទៀតក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយជីវភាពប្រជាជនក្នុងខេត្ត។

ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃដដែលថា÷ សួនច្បារសិល្ប:គឺជាសួនស៊ីវិល័យមួយដែលផ្តួចផ្តើមគំនិតកសាងរបស់ ឯកឧត្តម សុខ លូ ដើម្បីរម្លឹកដល់សិល្បករ សិល្ប:ការនីជំនាន់មុនៗ ពិសេសសិល្បករ សិល្ប:ការនីដែលមានស្រុកកំណើតរស់នៅក្នុងខេត្តបាត់ដំបង ហើយនិងផ្តោតលើការរៀបចំកសាងនូវរូបសំណាកតំណាងតារាសិល្ប:ច្រើនរូប។

សួនច្បារសិល្ប:ខាងលើនេះក៏ត្រូវបានរៀបចំឡើងឲ្យមាននូវទីលានប្រគុំតន្ត្រីខ្នាតសមល្មមមួយ ថែមទាំងរំលេចជាផ្លូវផាប់ស្ត្រីតផងដែរដែលត្រូវរៀបចំកម្មវិធីកម្សាន្តនៅរៀងរាល់ថ្ងៃចុងសប្តាហ៍សំដៅទាក់ទាញភ្ញៀវទេចរជាតិ អន្តរជាតិ កាន់តែចាប់អារម្មណ៍ខេត្តបាត់ដំបងខ្លាំង៕

អត្ថបទ: ដំបងក្រញូង

Share.