បាងកក៖ យោងតាមសារព័ត៌មាន Khasosod របស់ថៃចេញផ្សាយព្រឹកថ្ងៃទី៥ ខែកញ្ញា នេះថា យន្ដហោះឯកជនរបស់ លោក ថាក់ស៊ីន បានចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ។

លោក ថាក់ស៊ីន តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលប្រមាណ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង១០យប់។

ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក បន្ដថានឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ទោះបីជាឪពុកអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ត្រូវបានតុលាការរកមិនឃើញពីការប្រមាថព្រះមហាក្សត្រ ជាពិសេសករណីមាត្រា១១២ ដែលពេលនេះបានបញ្ចប់ហើយក៏ដោយ ក៏រូបលោកមិនទាន់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសយ៉ាងពេញលេញដូចមុនទាំងស្រុងដែរ។ ទាក់ទងករណីនឹងការអនុវត្តការកាត់ទោសនៅជាន់ទី១៤ កំពុងស្ថិតក្នុងការពិចារណានៅឡើយ៕

ប្រភព៖ Khaosod

Share.