ក្រុម​បាល់ទះ​នារីខ្លាំង ៤រួម​មាន ជប៉ុន តួកគី អ៊ីតាលី និងប្រេស៊ីល ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍​ប្រកួតពាន​រង្វាន់បាល់​ទះ​ផ្នែក​នារី​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៦ កញ្ញា ២០២៥៖

  • ជប៉ុន ប្រកួត​ជាមួយ តួកគី ម៉ោង ៤:៣០នាទីរសៀល
  • អ៊ីតាលី ប្រកួត​ជាមួយ ប្រេស៊ីល ម៉ោង ៨:៣០នាទីរសៀល

ព្រឹត្តិការណ៍​ប្រកួតពានរង្វាន់បាល់ទះ​ផ្នែក​នារីជើងឯកកម្រិត​ពិភពលោក  FIVB Volleyball Women’s World Championship ឆ្នាំ២០២៥ ដែល​ថៃ​ធ្វើ​ជាម្ចាស់​ផ្ទះ ដោយ​ការប្រកួត​ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា នឹង​បញ្ចប់​នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

រំលឹកថា សម្រាប់​ជើងឯក​ពានរង្វាន់បាល់ទះផ្នែកនារីជើងឯកពិភពលោក ឆ្នាំ២០២២ ដែលសហការ​រៀបចំរវាង ២ប្រទេស ហូឡង់ និងប៉ូឡូញ ​បានទៅលើក្រុមនារីជម្រើសជាតិស៊ែប៊ី ក្រោយ​យក​ឈ្នះ​ប្រេស៊ីល ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ និងចំណាត់​ថ្នាក់​លេខ៣ បាន​ទៅលើកអ៊ីតាលី លេខ៤ សហរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីជើងឯកកម្រិត​ពិភពលោក FIVB Volleyball Women’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៥២ ដោយ​ធ្វើ​ឡើង​ចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះមេដាយមាសចំនួន ៥លើក ជប៉ុន និងគុយបា ចំនួន ៣លើក ចិន រុស្សី និងស៊ែប៊ី ចំនួន ២លើក អាមេរិក និងអ៊ីតាលី ចំនួន ១លើក៕

Share.