ភ្នំពេញ ៖ អាសូរណាស់ ទារិកាទើបនឹងកើត បែជាឪពុកម្តាយដាច់ចិត្តយកទៅប្លុងចោល នៅមុខផ្ទះប្រជាពលរដ្ឋ ហើយប្រទះឃើញកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ប្រទះឃើញទារិកាទើបនឹងកើត មិនទាន់កាត់ផ្ចិតផង ត្រូវបានជនមិនស្គាល់មុខរុំនឹងក្រណាត់យកទៅដាក់ប្លុងចោល មុខផ្ទះប្រជាពលរដ្ឋ បង្កឱ្យផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ច ។

ទារិកាខាងលើ ត្រូវបានអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យសាកសួរ តែនៅតំបន់នោះ ពុំមានស្ត្រីណាពោះធំ ឆ្លងទន្លេដែរ មិនដឹងថាឪពុកម្តាយរូបណាក៏ចិត្តដាច់ដល់បោះប្លុងកូនរបស់ខ្លួនចោលបែបនេះ ហើយត្រូវបានអាជ្ញាធរ សូមឱ្យម្ចាស់ផ្ទះជួយមើលបីបាច់ជាបណ្តោះអាសន្នសិន ៕
អត្ថបទ៖ តាតុសែនជ័យ

