កំពង់ធំ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជាតិ ចុះអនុវត្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ នៅតំបន់ជាច្រើនជុំវិញ បឹងទន្លេសាប ខេត្តកំពង់ធំ កាលពីនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីការពារធនធានជលផលនៅក្នុងខេត្ត។

សកម្មភាពនេះបានធ្វើឡើង នៅចំណុចវាលទុង, វេហាល, បែកឃ្លះ, ប្រាំបីមុំ, កាប់ចិន, ខ្វែងតាសូ និងព្រែកចងខ្លុង ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង និងតំបន់កក់វាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ដោយមានការសហការរបស់នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប, នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ, កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ, កម្លាំងចម្រុះស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងសហគមន៍នេសាទមូលដ្ឋាន។

ជាលទ្ធផល​នែការចុះបង្រ្កាបខាលើកម្លាំងប្រតិបត្តិការ បាននរុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនដូចជា៖ របាំងស្បៃមុងចំនួន ៨ បណ្តោយសរុប ៥៥០ម៉ែត្រ, ឡុកចំនួន ៩ គ្រឿង, លូស្បៃមុង ៩មាត់បង្គោលប្រហែល ៤០០ ដើម, ចាក់លែងត្រីទំនង់ចំនួន ៥៥ គីឡូក្រាមទៅក្នុងទន្លេវិញ។

សូមបញ្ជាក់ថា ការចុះការអនុវត្តបទល្មើសនេសាទនៅក្នុងខេត្តកំពង់ធំនេះ​​ គឺមិនមែនជាលើកទីមួយនោះទេ ​ដោយ កន្លងមកអាជ្ញាធរបន្តធ្វើដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ការរាល់បទល្មើសនេសាទនានា និង​ធ្វើយ៉ាងណាធានាឱ្យបាននូវការអភិរក្ស និងការប្រើប្រាស់ធនធានជលផលឱ្យមានចីរភាព ដើម្បីជួយឱ្យសហគមន៍នេសាទមានជីវភាពរឹងមាំក្នុងអនាគត។ ជាមួយគ្នាអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយការពារធនធានធម្មជាតិដ៏មានតម្លៃសម្រាប់ជីវភាពរបស់សហគមន៍ជនជាតិខ្មែរ៕

អត្ថបទ៖ កំពង់ធំ

Share.