ក្រសួងចំនួន៣ រួមមាន៖ ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីចាត់វិធានការទៅលើសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកឯកសារសំខាន់ៗរបស់ប្រជាពលរដ្ឋសម្រាប់ធានាកម្ចី។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រសួង-ស្ថាប័នទាំងនេះបានសង្កេតឃើញថា មានបុគ្គល និងក្រុមមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីដោយខុសច្បាប់ គ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច។ សកម្មភាពទាំងនេះកើតឡើងក្រោមរូបភាពផ្សេងៗដូចជា៖ លុយរាប់, ការបញ្ចាំ, ការផ្តល់កម្ចីផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ។
លើសពីនេះ បុគ្គលទាំងនោះថែមទាំងបានប្រើប្រាស់វិធីសាស្ត្រគំរាមកំហែង បំភិតបំភ័យ និងរៀបចំកិច្ចសន្យាដែលមិនសុចរិត ដើម្បីកេងចំណេញហួសហេតុ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺពួកគេបានរក្សាទុកឯកសារសំខាន់ៗដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទុកជាទ្រព្យធានាលើកម្ចី។
សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសវិនិយោគនៅកម្ពុជា។ យោងតាមច្បាប់ សកម្មភាពទាំងនេះត្រូវប្រឈមមុខនឹងការផ្តន្ទាទោស និងពិន័យតាមច្បាប់ជាធរមាន។
មាត្រា ២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចែងថា រាល់ការផ្តល់ឥណទានគ្រប់ប្រភេទដល់សាធារណជន ដែលមានកម្រៃ ត្រូវចាត់ទុកថាជាអាជីវកម្មធនាគារ។ អាជីវកម្មបែបនេះត្រូវតែទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាជាមុនសិន។
ចំណែកមាត្រា ៥៥ កំណត់ថា៖ «បុគ្គលណាដែលប្រកបអាជីវកម្មធនាគារជាប្រក្រតី និងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ រៀល ដល់ ២៥០,០០០,០០០ រៀល ឬទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់គិតដល់ការបិទគ្រឹះស្ថាននោះទេ»៕


