ពោធិ៍សាត់÷ ដីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងស្ទឹងក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ត្រូវបានអាជ្ញាធរដោះដូរឲ្យទៅនៅទីតាំងថ្មីដ៏ជាទីគាប់ចិត្តដើម្បីអភិវឌ្ឍន៍ប្រែក្លាយទៅជាសួនដ៏ស្រស់ស្អាតនាពេលដ៏ខ្លីខាងមុខសំដៅទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកកំសាន្តកាន់តែច្រើនឡើង។




នេះបើតាមការបញ្ជាក់របស់ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់ក្នុងពិធីសំណេះសំណាល ចាប់ឆ្នោតទទួលយកក្បាលដី ពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណ 98 គ្រួសារ ព្រឹកថ្ងៃទី 5 ខែកញ្ញាឆ្នាំ 2025 នេះ។

បើតាមឯកឧត្តមអភិបាលខេត្ត ចំពោះបងប្អូនប្រជាពលរដ្ឋដែលតាំងទីលំនៅតាមបណ្ដោយជ្រាំងស្ទឹងទាំង 98 គ្រួសារគឺត្រូវទទួលបានលំនៅឋានថ្មីដីឡូតិ៍ ដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវស្របច្បាប់ ដោយរៀបចំឱ្យមានជាប្រពន្ធ លូ ប្រពន្ធទឹក បំពាក់ភ្លើងអគ្គិសនី បង្កើតជាកូនផ្សារតូចមួយ ធ្វើយ៉ាងណាឱ្យបងប្អូនរស់នៅប្រកបដោយភាពស៊ីវីល័យពោលគឺផ្ដល់ភាពងាយស្រួលសព្វបែបយ៉ាងមិនឱ្យលំបាកឡើយ។ ដែលទាំងអស់នេះគឺជាការគិតគូរយកចិត្តទុកដាក់ដោះស្រាយរបស់អាជ្ញាធរឱ្យបងប្អូនចាកចេញពីទីតាំងចាស់ដែលធ្លាប់តែរស់នៅរបៀបអាណាធិបតេយ្យ ប្ដូរមកកន្លែងថ្មីស្របច្បាប់ពោរពេញដោយស្នាមញញឹម។ មកធ្វើការអភិវឌ្ឍន៍ពីច្រាំងស្ទឹងដែលបងប្អូនធ្លាប់តែរស់នៅមិនសមស្របឱ្យទៅជាសួរច្បារដ៏ស្រស់បំព្រង ដែលនិងលេចចេញជារូបរាងនាពេលដ៏ខ្លីខាងមុខជាមួយនឹងការបំពាក់ អំពូលភ្លើងទំនើបស្តង់ដា ដោយរៀបចំជាកន្លែងអង្គុយកំសាន្ត កន្លែងហាត់ប្រាណ ទូរទស្សន៍ LED បំពាក់ភ្លើងបំភ្លឺផ្លូវ ប្រកបដោយសោភ័ណភាព អនាម័យបរិស្ថានល្អស្អាត ទៅតាមលំដាប់លំដោយរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អ សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅខេត្តឲ្យចាប់អារម្មណ៍មកទស្សនាកម្សាន្តនៅលើទឹកដីខេត្តពោធិ៍សាត់កាន់តែច្រើនឡើងថែមទៀត។




សូមបញ្ជាក់ថាដើម្បីផ្ដល់ភាពកក់ក្តៅប្រកបដោយស្នាមញញឹមពីសំណាក់បងប្អូនប្រជាពលរដ្ឋទទួលយកការដោះដូរដោយពេញចិត្តពេញថ្លើម ឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលហ្នឹងឯកឧត្តមខូយរីដា បានគិតគូររៀបចំទីតាំងជាបុរីដីឡូតិ៍ ស្ថិតក្នុងភូមិបឹងយារ ឃុំវាល ស្រុកកណ្ដៀង ជាប់ភូមិសាស្ត្រទីប្រជុំជនក្រុងពោធិ៍សាត់។ បងប្អូនប្រជាពលរដ្ឋបានសម្ដែងការអរគុណចំពោះថ្នាក់ដឹកនាំដែលបានគិតគូរផ្លាស់ប្ដូរទីលំដៅពិការរស់នៅមិនសមស្រប មករស់នៅនៅទីតាំងស្របច្បាប់ ប្រកបដោយភាពកក់ក្តៅដោយគ្មានការព្រួយបារម្ភ៕
អត្ថបទ÷ពោធិ៍សាត់
