ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះនៅក្រុមហ៊ុនចិនលក់គ្រឿងចក្រមួយកន្លែង ដោយសារជាងផ្សារដែកមិនប្រយ័ត្ន ទុស្សេឆេះដល់សម្ភារៈ កង់រថយន្ត កង់ត្រាក់ទ័រ ខ្សែភ្លើង ប្រេងម៉ាសុីន បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុមហ៊ុនចិនលក់គ្រឿងចក្រ តាមផ្លូវកប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុក្រុមជាងផ្សារដែកក្នុងក្រុមហ៊ុន មិនប្រុងប្រយ័ត្ន ទុស្សេខ្សែភ្លើងឆាបឆេះរាលដល់សម្ភារៈ កង់រថយន្ត ខ្សែភ្លើង បង្កឱ្យផ្អើលឆោឡោ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុង តម្រួតបទបញ្ជា ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។

គ្រោះអគ្គិភ័យខាងលើ ខូចខាតសម្ភារៈ កង់អាត្រាក់ទ័រ ចំនួន ៣០គ្រាប់, ប្រេងពុយចំនួន៣ធុង, ប្រេងម៉ាស៊ីនចំណុះ០៥លីត្រ ចំនួន៣០កាដុង រួមទាំងគ្រឿងបន្លាស់ត្រាក់ទ័រអស់មួយចំនួន ហើយឆេះរោលបន្ទប់ស្នាក់នៅចំនួន ០២បន្ទប់ក្នុងក្រុមហ៊ុន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.