ពោធិ៍សាត់ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក កែវ សារិ បានបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញីកាលពីពេលថ្មីៗនេះ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖
- តូច សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ
- ថោង សីហា ភេទប្រុស អាយុ ២៧ឆ្នាំ
វត្ថុតាងដែលដកហូតបានរួមមាន គ្រឿងញៀនប្រភេទ Ice ចំនួន ៤កញ្ចប់ ស្មើនឹងជាង ៣៨៨ក្រាម ព្រមទាំងជញ្ជីងថ្លឹង, ម៉ូតូ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។
ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថោង សីហា សមត្ថកិច្ចក៏បានបន្តស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហង្ស សុខជា ភេទប្រុស អាយុ ៣២ឆ្នាំ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវដីក្រហម ភូមិបរវង្ស សង្កាត់ចំរើនផល។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យទី៣នេះ សមត្ថកិច្ចបានដកហូតម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់ ស្មើនឹងជាង ១,៤៩២ក្រាម ព្រមទាំងទូរស័ព្ទដៃ និងម៉ូតូផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ កំពុងស្ថិតក្រោមការបន្តនីតិវិធីរបស់សមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖តាខ្មៅ
