សៀមរាប៖ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានអញ្ជើញនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារភៀសសឹក កំពុងស្នាក់នៅតំបន់សុវត្ថិភាពក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ សរុបចំនួន ៣៦២ គ្រួសារ ។

ក្នុងឱកាសនេះ ឯកឧត្តម បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកអ្នកណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានោះ ឯកឧត្ដម ក៏បានចូលរួមសោកស្ដាយជាមួយប្រជាពលរដ្ឋដែលត្រូវធ្វើចំណាកស្រុកចោលផ្ទះសម្បែង ភូមិកំណើត មកស្នាក់នៅទីនេះ ដើម្បីសុខសុវត្តិភាព ដែលមិនអាចទាន់ត្រឡប់ទៅវិញបាន ព្រោះនៅទីនោះនៅតែមានភាពតានតឹង មិនទាន់ធូរស្រាល។ ឯកឧត្ដមក៏បានសំណូមពរ សូមឱ្យប្រជាពលរដ្ឋគ្រប់រូបថែទាំសុខភាពឱ្យបានល្អ និងចូលរួមសម្អាតបរិស្ថានជុំវិញទីកន្លែងស្នាក់នៅឱ្យបានស្អាត។

ក្នុងឱកាសនេះដែរ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការមើលថែគ្រួសារភៀសសឹកទាំងអស់ដែលស្នាក់នៅក្នុងភូមិសាស្រ្តរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់បំផុត។

អំណោយមនុស្សធម៌ដែលបានជូនគ្រួសារភៀសសឹកទាំង ៣៦២គ្រួសារ រួមមាន៖ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ កន្សែងត្រជាក់ កាហ្វេ សាប៊ូ សំឡីអនាម័យស្រ្តី វីតាមីនស៊ី លេការពារកម្ដៅថ្ងៃ ថ្នាំក្រពះ ប្រូបាយអូទិច ផៅវើ អែនើជី សារាយសមុទ្រ និងសម្ភារៈមួយចំនួនទៀត។ សូមបញ្ជាក់ថា អំណោយទាំងនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ATOMY CAMBODIA ដែលផ្ដល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប៕

អត្ថបទ៖ កាកបាទក្រហមកម្ពុជា

Share.