ហុងកុង៖ ទីក្រុងហុងកុង បានបិទសាលារៀន និងអាជីវកម្មជាច្រើនជាបណ្ដោះអាសន្ន នាថ្ងៃចន្ទ ទី៨ ខែកញ្ញា នេះ ខណៈព្យុះត្រូពិក តាប៉ាស (Tapah) ដ៏ខ្លាំងក្លា បានបោកបក់ក្នុងល្បឿន ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង ប៉ះពាល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុជាច្រើន ដែលបង្ខំឱ្យជើងហោះហើរជាច្រើនត្រូវពន្យាពេល ឬលុបចោល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥។

យ៉ាងណាម៉ិញ ការខូចខាតមានទំហំតូច ហើយនៅតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ និងមិនទាន់មានសេចក្ដីរាយការណ៍ពីការបាក់ដី និងទឹកជំនន់ទ្រង់ទ្រាយធំនៅឡើយទេនៅព្រឹកថ្ងៃចន្ទ នេះ។

ដោយឡែក សេវាកម្មដឹកជញ្ជូននានារួមមាន ៖ កប៉ាល់ រថយន្ដក្រុង និងរថភ្លើង ត្រូវបានផ្អាកសកម្មភាព ខណៈប្រព័ន្ធផ្លូវដែកឆ្លងកាត់ដ៏ធំរបស់ទីក្រុងកំពុងបន្ដដំណើរការនៅចន្លោះពេលយូរជាងនេះ។

ទន្ទឹមនោះ ក្រុមសង្កេតការណ៍របស់ក្រុងហុងកុង បានប្រកាសអាសន្នពីព្យុះទីហ្វុងកម្រិតទី៨ ដែលជាការប្រកាសអាសន្នកម្រិតខ្ពស់ លំដាប់ទី៣ ហើយការព្រមាននេះ នឹងបន្ដអនុវត្តរហូតដល់ម៉ោង១១ព្រឹកថ្ងៃចន្ទដដែលនេះ (ម៉ោងក្នុងស្រុក)។

ចំណែកការិយាល័យ អប់រំរបស់ទីក្រុងបាននិយាយថា អាជីវកម្មអាចបើកឡើងវិញបាន ប្រសិនបើសញ្ញានៃការប្រកាសអាសន្នត្រូវបានបន្ទាប ប៉ុន្តែសាលារៀននឹងត្រូវបិទពេញមួយថ្ងៃ។ ខ្យល់បោកបក់ក្នុងល្បឿន ១០១គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅជិតអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងនៅលើកោះ ឡានត័រ (Lantau) កាលពីព្រឹកថ្ងៃចន្ទ នេះ ជាមួយនឹងខ្យល់បក់ដ៏ខ្លាំងបំផុតក្នុងល្បឿន ១៥១គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបថា ព្យុះ តាប៉ាស (Tapah) បានបោកបក់លើតំបន់ តាយសាន (Taishan) នៃខេត្ត គ័ងឌុង (Guangdong) ភាគខាងត្បូងប្រទេសចិន កាលពីម៉ោង ៨:៥០នាទីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) ហើយព្យុះនេះត្រូវបានគេរំពឹងថា នឹងរំកិលចេញឆ្ងាយពីទីក្រុងហុងកុងបន្ដិចម្ដងៗ។ ប៉ុន្ដែសាលារៀននៅទីក្រុង ស៊ិន ចិន (Shenzhen) ដែលស្ថិតនៅក្បែរក្រុងហុងកុង ក៏ត្រូវបានបិទបណ្ដោះអាសន្នផងដែរ៕

ប្រភព៖ Reuters

Share.