កណ្តាល៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីប្រើអាវុធខ្លីដោយគ្មានការអនុញ្ញាត បាញ់គំរាម និងប្រើហិង្សាជាមួយប្រជាពលរដ្ឋ ៣នាក់ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៨:៣០នាទី នៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឃាត់ខ្លួនបានទី១. ឈ្មោះ ជាង សុផាត, អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល ជាម្ចាស់ផ្ទះកើតហេតុ។ ទី២. ឈ្មោះ កែវ បញ្ញា, អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ឋានន្តរស័ក្តិ អនុសេនីយ៍ទោ តួនាទីមន្រ្តី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្នភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកប្រើអាវុធបាញ់គំរាម។ និងទី៣ ឈ្មោះ ឆាន់ ភី អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នូល ខេត្តកណ្ដាល (អ្នកផឹកជាមួយ)។


តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស៊ីក្នុងផ្ទះឈ្មោះ ជាង សុផាត ខណៈពេលជនរងគ្រោះចំនួន ៣នាក់ បានដើរឆ្លងកាត់ផ្ទះនោះទៅស្រែ ត្រូវបានជនសង្ស័យហៅឈប់សួរពីបំណងដើរ និងសង្ស័យថាជាអ្នកលួចសម្ភារៈ។ គ្រានោះក៏កើតមានការទាស់ពាក្យគ្នារហូតបាននាំឲ្យជនសង្ស័យប្រើអាវុធភ្ជង់ក្បាល និងបាញ់គំរាម១គ្រាប់ និងប្រើហិង្សា។
ក្រោយកើតមានហេតុការណ៍ខាងលើ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ្នាក់ផ្អើល ភ្លាមនោះក្រុមជនសង្ស័យនិងជនរងគ្រោះបានបំបែកគ្នាត្រឡប់ទៅផ្ទះរាង”ខ្លួនទៅ លុះនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៥ ភាគីជនរងគ្រោះទាំង៣នាក់ បានដាក់ពាក្យបណ្តឹង ឱ្យសម្ថកិច្ចជួយអន្តរាគមន៍រឿងកាលពីយប់មិញ។



ក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង អាវុធខ្លីម៉ាក K54 ចំនួន១ដើម បង់គ្រាប់០១ និងគ្រាប់កាំភ្លើងចំនួន ៩គ្រាប់, ប័ណ្ណអនុញ្ញាតប្រើអាវុធខ្លី (ផុតកំណត់នៅថ្ងៃទី ២០ កក្កដា ២០២៦), ម៉ូតូ ២គ្រឿង, ទូរសព្ទដៃ ៤គ្រឿង ដើម្បីចាត់ការតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពខ្លួនបានប្រើហិង្សា ជេរប្រមាថ និងបានយកអាវុធខ្លីភ្ជង់ទៅលើជនរងគ្រោះ ហើយបានបាញ់ទៅលើគំរាមមួយគ្រាប់ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលកសាងសំណុំរឿង និងចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កណ្តាល

