រដ្ឋបាលរបស់លោក អនុទិន ដែលត្រូវបានកំណត់អាយុកាលត្រឹមតែ៤ ខែ នេះហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់និងប្រាកដប្រជានៅឡើយ ដោយសារតែនៅមានតំណែងរដ្ឋមន្ត្រីខ្លះ កៅអីនៅទំនេរ ដូចជាតំណែងនាយករដ្ឋមន្ត្រីការពារជាតិថៃ។

យ៉ាងណាមិញមនុស្សម្នាក់ដែលជាបេក្ខភាពដ៏លេចធ្លោ និងត្រូវបានគេសម្លឹងឃើញថាអាចនឹងឡើងមកកាន់តំណែងនេះ ព្រោះជាសម្ព័ន្ធមិត្តនៃគណបក្សចំរុះរបស់លោក អនុទិន គឺលោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្ស Phalang Pracharath (ផាឡាំង ប្រាឆារ៉ាត់) និងជាសមាជិកសភាតំណាងរាស្ត្រ បានចេញមុខប្រកាសព័ត៌មាននៅទីស្នាក់ការគណបក្សរបស់លោក ដើម្បីបកស្រាយអំពីព័ត៌មានដែលថាមានការចរចា និងដណ្តើមតំណែងរដ្ឋមន្ត្រីការពារជាតិ ដោយឈ្មោះរបស់លោកក៏ត្រូវបានលើកឡើងផងដែរ។

លោកឧត្តមសេនីយ៍ ប្រាវីត បានបញ្ជាក់ថា លោកមានបំណងចង់គាំទ្ររដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហារបស់ប្រទេសឱ្យបានពេញលេញក្នុងរយៈពេល ៤ ខែមុនពេលរំលាយសភា។ លោកថារដ្ឋាភិបាលមិនចាំបាច់បារម្ភពីការចរចាឬការទាមទារអ្វីឡើយ។

លោកឧត្តមសេនីយ៍ប្រាវីតបានប្រកាសយ៉ាងច្បាស់ថា លោកនឹងមិនទទួលយកតំណែងណាមួយក្នុងរដ្ឋាភិបាលឡើយ រួមទាំងតំណែងរដ្ឋមន្ត្រីការពារជាតិដូចព័ត៌មានដែលបានចុះផ្សាយនោះឡើយ។ លោកបានលើកហេតុផលថា ការសម្រេចចិត្តនេះគឺដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីអាចស្វែងរកបុគ្គលដែលសក្ដិសម ដើម្បីដោះស្រាយបញ្ហាព្រំដែនថៃ-កម្ពុជា និងលើកកម្ពស់ជាតិ សាសនា និងព្រះមហាក្សត្របានយ៉ាងពិតប្រាកដនិងឆាប់រហ័ស ដោយយកជាតិនិងប្រជាជនជាគោល។
លោករីករាយក្នុងការគាំទ្រពីក្រោយឆាក និងត្រៀមខ្លួនប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងបណ្តាញសន្តិសុខអន្តរជាតិដែលលោកមានដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ។
ត្បិតមានការលើកឡើងដូច្នេះមែន ប៉ុន្តែនៅពីក្រោយវាំងនននៃនយោបាយថៃ គេបានដឹងថា តំណែងនៅក្នុងក្រសួងនីមួយៗ នៅក្នុងរដ្ឋបាលលោកអនុទិននេះ កំពុងតែមានការចរចានិងប្រជែងគ្នាយ៉ាងខ្លាំង បើទោះបីជារដ្ឋបាលនេះ មានកាលកំណត់ត្រឹមតែ៤ខែ ប៉ុន្តែផលប្រយោជន៍ ដែលទទួលបានមានលើសពីរយៈពេលកំណត់នេះ៕
ប្រភព៖ Khaosod

