ការកំណែទម្រង់របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យរដ្ឋ ដើម្បីជួយសម្រួល ជាពិសេសពន្លឿនដល់ប្រជាពលរដ្ឋ កុំឱ្យខកខាតពេលវេលាយូរ គឺពិតជាទទួលបានផល ហើយអ្នកដែលទទួលផលដោយផ្ទាល់គឺជាពលរដ្ឋ ក៏មិនភ្លេចនូវពាក្យអរគុណនោះឡើយ។

ក្រសួងមហាផ្ទៃកម្ពុជា ក្រោមការកាច់ចង្កូតពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននឹងកំពុងតែកែសម្រួលនូវសេវាសាធារណៈ ធ្វើយ៉ាងណាផ្ដល់នូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់ទិសទី ឱ្យកាន់តែលឿនរហ័ស សក្តិសមនឹងសម័យកាលទំនើបដែលពេលវេលាមួយនាទី ឬមួយម៉ោងសុទ្ធ តែបង្កើតបានជាកំរ៉ៃ។
អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីពាក់ព័ន្ធ កំពុងតែធ្វើឱ្យពលរដ្ឋ សរសើរ ហើយសរសើរចេញពីចិត្ត ថែមទៀតផង។ តាមរយៈគណនីមួយឈ្មោះ សុភក្តិស័ក្តិ គីមសាន បានបង្ហោះពីបទពិសោធន៍ និង ភាពងាយស្រួលដែលខ្លួនទទួលបានពេលទៅធ្វើអត្តសញ្ញាណបណ្ណ បន្ថែមពីក្នុងនោះសូម្បីបងប្អូនពលករខ្មែរ ដែលទៅរស់នៅស្រុកគេជិត៣០ឆ្នាំ ក៏មន្ត្រីយើងបានផ្ដល់នូវការយកចិត្តទុកខ្ពស់ផងដែរ។


លោកបានរៀបរាប់ថា៖ «ថ្ងៃនេះខំងេីបពីព្រលឹមដេីម្បីទៅធ្វេី អត្តសញ្ញាណប័ណ្ណ ព្រោះគិតថាសេវកម្មយូរស្រាប់ហេីយ បេីទៅក្រោយគេទៀតប្រាកដជាខាតពេលមិនបានធ្វេីទេ។ ប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់គឺខ្ញុំចំណាយពេលតែមួយម៉ោងប៉ុណ្ណោះក្នុងការធ្វេី រាប់បញ្ចូលទាំងការសរសេរឯកសារ ផ្តិតមេដៃ និងថតរូប ។ ខ្ញុំទៅដល់ម៉ោង៩ព្រឹក ម៉ោង១០រួចរាល់ អំឡុុងពេលនោះក៏មានបងស្រីម្នាក់ជាពលករមកពីស្រុកសៀមរយៈពេល២៧ឆ្នាំ និយាយខ្មែរមិនសូវច្បាស់ មកធ្វេីដូចគ្នា (ធ្វេីថ្មីតែម្តង) គាត់ភ័យមែនទែន ខ្លាចគេសួរនាំ គាត់ឆ្លេីយមិនត្រូវពាក្យ មន្ត្រីមិនធ្វេីឯកសារជូន។ ប៉ុន្តែនៅពេលដែលបងៗមន្ត្រីដឹងថាគាត់ជាពលករ គាត់កាន់តែយកចិត្តទុកដាក់និងសម្របសម្រួលជាងមុនទៀត ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលដែលបានកែសម្រួលកង្វះខាត និងជាពិសេសយកចិត្តទុកដាក់ដល់បងប្អូនចំណាកស្រុក ដែលត្រលប់មកពីស្រុកថៃវិញ។

ទទួលបាននូវការបម្រើសេវាល្អ និងយកចិត្តទុកដាក់ពីមន្ត្រីបម្រើសេវាកម្ម ធ្វើឱ្យប្រជាពលរដ្ឋមិនកំណាញ់ចំពោះពាក្យសរសើរនោះឡើយ ហើយគេរំពឹងថា ពាក្យសរសើរបែបនេះ នឹងជាកម្លាំងចិត្តដ៏ល្អប្រសើរមួយសម្រាប់មន្ត្រីដែលកំពុងបំពេញភារកិច្ចការងាររបស់ខ្លួន ដើម្បីផ្ដល់នូវភាពងាយស្រួលសម្រាប់ពលរដ្ឋយើងឱ្យកាន់តែល្អប្រសើរជាបន្តទៀត…៕

