អន្តរជាតិ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញពីទីស្នាក់ការកណ្តាលរបស់គណបក្សភូមិចៃថៃក្នុងរាជធានីបាងកកនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថ្មីទី ៣២ របស់ប្រទេសថៃគឺលោក អនុធីន ឆានវីរៈគុន បានលើកគោលនយោបាយធំៗចំនួន ៤ ចំណុចដោយសន្យាថានឹងប្ដេជ្ញាចិត្តដោះស្រាយមិនខ្លាចឈឺជារួមមាន៖ បញ្ហាសេដ្ឋកិច្ច បញ្ហាជម្លោះព្រំដែន បញ្ញាគ្រោះធម្មជាតិ និងបញ្ហាសង្គម។ នៅក្នុងចំណុចទី ២ លោក អនុធីន សន្យាថានឹងដោះស្រាយបន្ទាន់ ចំពោះភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងសន្យាថាមិនឱ្យបាត់បង់ទឹកដីសូម្បីតែ១សង់ទីម៉ែត្រ។

ទាក់ទងនឹងការស្ដារបញ្ហាសន្តិសុខាជាតិ នាយរដ្ឋមន្ត្រីថ្មីរូបនេះសន្យាថានឹងពន្លឿនវិធានការដោះស្រាយជម្លោះរវាងប្រទេសថៃ និងកម្ពុជាដោយមធ្យោបាយសន្តិវិធី ដើម្បីកាត់បន្ថយការខាតបង់ដែលរងគ្រោះដោយប្រជាជននៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាថៃនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ថា ថៃមិនត្រូវបាត់បង់ដីរបស់ប្រទេសសូម្បីតែ១សង់ទីម៉ែត្រ។
ចំពោះការដោះស្រាយលើផ្នែកសេដ្ឋកិច្ច លោកបានសន្យាកាត់បន្ថយការចំណាយក្នុងគ្រួសារ កាត់បន្ថយថ្លៃនៃការរស់នៅ ថាមពល និងថ្លៃដឹកជញ្ជូន ដោះស្រាយបំណុល និងបង្កើនប្រាក់ចំណូលសម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍។ រដ្ឋាភិបាលរបស់លោកនឹងធានាឱ្យប្រជាជនថៃមិនត្រូវជួបការលំបាកទៀតឡើយ ប្រជាជនថៃត្រូវរស់នៅដោយសន្តិភាព និងសុខដុមរមនា។ រដ្ឋាភិបាលរបស់លោកនឹងពន្លឿនការផ្តល់សំណងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ទោះបីជាមានការពន្យារពេលខ្លះនាពេលកន្លងមក ប៉ុន្តែរដ្ឋាភិបាលរបស់លោកនឹងធានាផ្ដល់សំណងសម្រាប់ការខូចខាតដល់គ្រប់គ្រួសារនៅក្នុងខេត្តជាប់ព្រំដែនជាមួយកម្ពុជាយ៉ាងឆាប់រហ័សបំផុត។
ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗទាំងបួនខាងលើ លោក អនុធីន បន្តថានឹងស្វែងរកការធានានូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលពេញលេញ ដើម្បីធានាបានថាការងាររបស់លោកសម្រេចបានយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយគ្មានឧបសគ្គ ព្រោះលោកថា អំឡុងពេលដែលកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងអាណត្តិរបស់ស្រេតដ្ឋា ថាវីស៊ីន និងបានបន្តមកអាណត្តិលោកស្រី ផែថងថាន លោកធ្លាប់មានបទពិសោធន៍ខ្ពស់លើការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តការ។ ដូច្នោះហើយលោកនឹងជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រីដោយប្រុងប្រយ័ត្ន និងមិនមានពេលសាកល្បងច្រើននោះទេ។
បើទោះបីជាកៅអីនាយករដ្ឋមន្ត្រីរបស់លោក អនុធីន បានត្រឹមរយៈពេល ៤ ខែក៏ដោយ ក៏លោកអះអាងថាគណៈរដ្ឋមន្ត្រីរបស់លោក និងរូបលោកផ្ទាល់នឹងប្រឹងប្រែងធ្វើការដោយគ្មានថ្ងៃឈប់សម្រាក នឹងមិនមានពេលសម្រាកជាមួយគ្រួសារទេ ពោលគឺជារដ្ឋមន្ត្រី និងជាគណៈរដ្ឋមន្ត្រីដែលពេញសមត្ថភាពខ្ពស់អាចធ្វើការងារបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាព។
យ៉ាងណាមិញ នៅពេលដែលលោក អនុធីន ឆានវីរៈគុន ត្រូវរដ្ឋសភាបោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីទី ៣២ របស់ប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរទៅកាន់លោក អនុធីន ដោយប្រកាសថា រង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក អនុធីន ដើម្បីស្តារទំនាក់ទំនងប្រទេសទាំង២ឱ្យវិលមករកប្រក្រតីភាពឡើងវិញ កសាងទំនុកចិត្តជាមួយគ្នាទៅវិញទៅមកឡើងវិញ ហើយធ្វើឱ្យព្រំដែនប្រទេសទាំង២មានសន្តិភាពតែមួយ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងភាពរុងរឿងជាមួយគ្នាផងដែរ៕

